នាពេលថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញសេចក្ដីជូនដំណឹងស្ដីពីការអុជកាំជ្រួច អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា។
ក្នុងឱកាសរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំងអុជកាំជ្រួច នៅមុខព្រះបរមរាជវាំង នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ ស្អែកនេះ នាវេលាម៉ោង ១៩៖០០ នាទីយប់។
គួរឱ្យដឹងផងដែរថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និង រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេស តែងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ខណៈឆ្នាំនេះ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥៕