នាពេលថ្មីៗនេះ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអុជកាំជ្រួចអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី ២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥។

គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ឱ្យបានដឹងថា ក្នុងឱកាសរៀបចំព្រះរាជពិធីបុណ្យខួបលើកទី ២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការនឹងមានការចាត់តាំងអុជកាំជ្រួច នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ១៩៖០០ នាទីយប់ នៅមុខព្រះបរមរាជវាំង។

អាស្រ័យហេតុនេះ សូមសម្ដេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ លោក លោកស្រីអ្នកនាងកញ្ញា និង សាធារណជនក្នុងរាជធានីភ្នំពេញ ព្រះមេត្តា និង មេត្តាជ្រាបជាព័ត៌មាន៕
