នៅព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ តំណាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និង ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ។
ការបើកឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្ននេះ មានរយៈពេល ២១ ថ្ងៃ គឺចាប់ពីថ្ងៃទី ៨-២៨ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ។ ចំពោះមធ្យោបាយធ្វើដំណើរដែលត្រូវបានអនុញ្ញាតរួមមាន៖ អ្នកដំណើរថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និង រថយន្តទេសចរណ៍ចាប់ពី ១២ កៅអីចុះ ខណៈចប់ការអនុញ្ញាតឱ្យឆ្លងកាត់ដូចកាលបរិច្ឆេទខាងលើ ក្រុមការងារការដ្ឋាននឹងបន្តបិទ ដើម្បីបង្ហើយកិច្ចការការដ្ឋានមួយចំនួនតាមបច្ចេកទេសសាងសង់។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចការសាងសង់បាន ៩៨,១៣% ហើយ ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និង ផ្លូវតភ្ជាប់សម្រេចវឌ្ឍនភាពជារួម ៨៧,១៣%។ ក្នុងពេលបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ននេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពសណ្តាប់ធ្នាប់ គោរពល្បឿនកំណត់ និង អនុវត្តន៍តាមការណែនាំរបស់សមត្ថកិច្ចដែលប្រចាំការសម្រួលចរាចរណ៍នៅទីតាំងនោះ៕