ក្នុងដំណើរថ្មើរជើងរបស់បវរកញ្ញា កុយ អេនណា ពីភ្នំពេញទៅកាន់ខេត្តសៀមរាប ដើម្បីធ្វើមូលនិធិសប្បុរសធម៌ និង ចូលរួមផ្សព្វផ្សាយពីការធ្វើដំណើរទេសចរណ៍ បានសម្រេចដល់គោលដៅហើយ ពោលគឺនាងបានទៅដល់ទឹកដីខេត្តសៀមរាបកាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ។
ជាមួយនឹងដំណើរដើរទៅដល់គោលដៅនៃទឹកដីអង្គរ កុយ អេនណា ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅបំផុតពីបងប្អូនអ្នកខេត្តសៀមរាប ព្រមទាំងមហាជនលើបណ្ដាញសង្គមបង្ហាញការអបអរដោយក្ដីស្ងប់ស្ងែង និង មោទកភាពខ្លាំងចំពោះរូបនាងផងដែរ។
ក្រោយបញ្ចប់បេសកកម្មទៅដល់ទឹកដីខេត្តសៀមរាប ប៉ុន្មានថ្ងៃមកនេះ កុយ អេនណា ក៏បានបន្តដំណើរទៅកាន់សហគមន៍ទេសចរណ៍កំពង់ភ្លុក ជាមួយនឹងការគាំទ្រសមាគមស្រ្តីអ្នកបើករ៉ឺម៉កទេសចរណ៍ប្រចាំខេត្តសៀមរាប ដើម្បីជួយផ្សព្វផ្សាយដល់សហគមន៍ទេសចរណ៍មួយនេះឱ្យកាន់តែទូលំទូលាយ។
លើសពីនេះ ស្របពេលដល់គោលដៅ បវរកញ្ញា កុយ អេនណា ក៏មិនយកពេលសម្រាកស្រួលបួលដែរ ក៏ឃើញនាងឆ្លៀតគ្រងឈុតអប្សរាទៅថតនៅមុខប្រាសាទវត្ត ដើម្បីជួយផ្សព្វផ្សាយវប្បធម៌ និង ទេសចរណ៍ថែមទៀតផង៕