នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នេះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានលើកយករូបភាពឆបោកមួយករណី ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ មកអំពាវនាវជាថ្មី ដើម្បីឱ្យមហាជនបង្កើនការប្រុងប្រយ័ត្ន។
ឯកឧត្តមមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ពីដំណើររឿងឱ្យដឹងថា ៖ «ជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ ៥ នាក់ លួងលោមថាពួកគេមានប្រាក់ប្រឡាក់ទឹកខ្មៅ ជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដ យកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជា ប្រាក់អាចចាយបាន ដោយពួកវានឹងឱ្យផលចំណេញមកជនរងគ្រោះវិញ ១ ទ្វេជា ៣ ឬ ១ ទ្វេជា ៥។
ដំបូងឡើយ ជនរងគ្រោះបានយកប្រាក់ដុល្លារពិតប្រាកដ ចំនួន ២ ពាន់ដុល្លារ ឱ្យក្រុមឆបោក ដាក់ចូលម៉ាស៊ីន ក្រឡុកជាមួយម៉្សៅ និង ដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល ៨ ពាន់ដុល្លារ តែមុនពេលក្រឡុក ក្រុមឆបោកបានឱ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថាដើម្បីការពារការពុលម្សៅគីមីដែលក្រឡុកប្រាក់ ហើយពួកវាក៏លេបឱ្យមើលមុនផងដែរ មួយសន្ទុះក្រោយមកឃើញថា ប្រាក់ចេញមកវិញ ចំនួន ១ ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន (ត្រង់នេះជាល្បិចបន្លំមួយ) បន្ទាប់មក ក្រុមឆបោកក៏ប្រគល់ប្រាក់ដែលទើបលាងរួច ឱ្យទៅជនរងគ្រោះទាំងអស់ (ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយ) ក្រោយមកជនរងគ្រោះក៏មានការទុកចិត្ត ជឿលង់ទៅលើជនឆបោកទាំងស្រុង បានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឱ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន ៧ លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅ ចំនួន ២៨ លានដុល្លារ ហើយក្រុមឆបោក បានបែងចែកឱ្យជនរងគ្រោះ ចំនួន ២៥ លានដុល្លារ គ្រាន់តែរាងរាល់ពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោកបានវេចខ្ចប់រុំស្កុតពណ៌លឿង និង ប្រាប់ថាប្រាក់ទាំងនេះ មិនទាន់ឱ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន ទើបហែកស្កុតបាន បើមិនអញ្ចឹង នឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។ ក្រោយមក ១ ខែ ជនរងគ្រោះមានការសង្ស័យ ក៏បានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោច និង ក្រដាសសសុទ្ធទាំងអស់ ទើបដឹងថាចាញ់បោកគេ»។
តាមប្រភពបានបន្តថា ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់រហូតដល់ ៧ លានដុល្លារ (ត្រង់នេះ គឺក្រុមឆបោកបានបន្លំប្តូរប្រាក់ នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីន និង ជំនួសមកវិញនូវប្រាក់សែនខ្មោច) ហើយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ ០២ នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រីឯបក្ខពួកជនល្មើសដែលនៅសេសសល់ កំពុងស្រាវជ្រាវស្វែងរកបន្ត។
ភ្ជាប់ទៅនឹងបទពិសោធនៃករណីនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអំពាវនាវដល់បងប្អូន សូមមានការត្រិះរិះដោយប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត កុំឱ្យសេចក្តីលោភលន់ មកបិទបាំងភ្នែក និង រារាំងដល់ការពិចារណាយើងបាន ព្រោះថាលើលោកនេះ ពុំមានផលប្រយោជន៍ឯណា រត់មករកយើងដោយឯកឯងទេ បើគេប្រាប់យើងថាអាចរកប្រាក់បានស្រួលដោយមិនបាច់ប្រឹង យើងត្រូវសួរខ្លួនឯងថា ម្តេចគេមិនសម្ងំរកម្នាក់ឯង បែរជាមកហៅរកយើងឱ្យចូលរួមចែករំលែក ឬ កាត់បន្ថយផលប្រយោជន៍របស់គេ តើយើងត្រូវជាអ្វីនឹងគេ ចុះម្តេចគេមិនយកផលប្រយោជន៍ទាំងនោះទៅចែករំលែកជាមួយប្រពន្ធកូន បងប្អូនសាច់ញាតិ មិត្តភក្តិស្និទ្ធស្នាល ឬជនរួមជាតិគេ? នេះហើយជាទម្រង់នៃការបោកប្រាស់៕