នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជូនដំណឹងឱ្យបានដឹងថា ករណីបុរសម្នាក់វាយទៅលើស្រ្តីម្នាក់ឡើងជិះម៉ូតូគេចបាត់មិនមែនជាករណីប្លន់ម៉ូតូនោះទេ។
តាមប្រភពបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ មានករណីវាយតប់យកម៉ូតូ នៅចំណុចផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ១៥:៤៥ នាទី ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះទៅដល់ចំណុចកើតហេតុខាងលើ គឺស្រ្តីរងគ្រោះបានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ និង មិនបានមកដាក់ពាក្យប្តឹងសមត្ថកិច្ចនោះទេ។
ក្នុងនោះ បើតាមការសួរនាំពីស្រ្តីម្នាក់ជាអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា ខ្លួនបានជិះម៉ូតូតាមផ្លូវ ឆ្លងកាត់កន្លែងកើតហេតុទៅផ្ទះ ហើយក៏បានឃើញមនុស្សប្រុស និង មនុស្សស្រី ០២ នាក់ បានឈរក្បែរគ្នា ហើយក៏បានជិះម៉ូតូហួសប្រហែល ៣០ម៉ែត្រ ក៏ស្រាប់តែឮសំឡេងមនុស្សស្រីស្រែក ខ្លួនក៏បត់ម៉ូតូត្រឡប់មកក្រោយវិញ ក៏ឃើញមនុស្សប្រុស និង មនុស្សស្រី ប្រតាយប្រតប់គ្នា មិនដឹងមូលហេតុ រួចបុរសនោះជិះម៉ូតូរបស់ខ្លួនចេញទៅបាត់។ លុះមួយសន្ទុះក្រោយមកស្រ្តីរងគ្រោះខាងលើក៏ជិះម៉ូតូរបស់គេចាកចេញពីកន្លែងកើតហេតុទៅបាត់ផងដែរ។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ កំពុងសហការជាមួយកម្លាំងផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បន្តធ្វើការស្រាវជ្រាវ៕