បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ បានបញ្ចប់ទៅជាស្ថាពរ ក្រសួងទេសចរណ៍ បានបើកបង្ហាញតួលេខខេត្តក្រុង ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង ៥ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរទាំង ៣ ថ្ងៃ រួមមាន ៖
− រាជធានីភ្នំពេញ ២.៨៦៣.៩២២ នាក់
− ខេត្តសៀមរាប ២.៧៥២.៨១៨ នាក់
− ខេត្តកំពង់ចាម ២.៧៤៨.២២៨ នាក់
− ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់
− ខេត្តបាត់ដំបង ១.៧៤១.៧៩៥ នាក់
តាមរយៈតួលេខដែលបានបង្ហាញនេះដែរ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យបានដឹងថា ការបូកសរុបស្ថិតិភ្ញៀវទេសចរ និង បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល ៣ ថ្ងៃនេះ គឺត្រូវបានគណនាដោយរាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និង គោលដៅទេសចរណ៍នានាទូទាំងប្រទេស និង ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗ ដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និង ព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។
ក្នុងនោះ ខេត្តក្រុងទាំង ៥ ដែលបានចំណាត់ថ្នាក់ Top5 បានរៀបចំព្រឹត្តិការណ៍ដូចជា ៖
– រាជធានីភ្នំពេញ មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ និង ការលេងកម្សាន្តនៅតាមផ្លូវថ្មើរជើងមាត់ទន្លេ
– ខេត្តសៀមរាបមានការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
– ខេត្តកំពង់ចាម មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ចាម និង ការតាំងបង្ហាញលៀសហាល ៣ តោនប្រវែង ១ ពាន់ម៉ែត្រ
-ខេត្តព្រៃវែង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង
-ខេត្តបាត់ដំបង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង។
ដោយឡែក ក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ឱ្យបានដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ៣ ថ្ងៃកន្លងទៅ មានភ្ញៀវទេសចរ និង បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ ដែលក្នុងនោះមាន ៖
– ភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់
– ភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់៕