កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅប្រទេសថៃ មានករណីមនុស្សចំនួន ១០ នាក់ បានចូលទៅដុតសាលាឃុំមួយកន្លែងក្នុងខេត្តប៉ាតានី បង្កឱ្យមានការឆេះឡានអស់ចំនួន ៤ គ្រឿង ព្រមទាំងបង្កចលាចលដោយការដាក់គ្រាប់បែកទៀត។
ហេតុការណ៍នេះបានកើតឡើងនៅសាលឃុំមួយ ក្នុងស្រុក Sai Buri ខេត្ត Pattani ដោយក្នុងនោះមានមនុស្សចំនួន ១០ នាក់ បានបិទបាំងមុខសម្រុកចូលទៅក្នុងសាលាឃុំ ហើយបានចាប់បុគ្គលិកចំនួន ៣ នាក់ ដែលកំពុងយាមវេនយប់ រួចក៏បែងចែកគ្នាជាពីរក្រុមចូលទៅដុតឡានដែលនៅក្នុងសាលាឃុំ ឆេះចំនួន ៤ គ្រឿង និង ដុតអគារសាលាឃុំបង្កឱ្យមានការខូចខាតយ៉ាងដំណំ។ ក្រោយពីបង្កហេតុរួច ជនដៃដល់ទាំង ១០ នាក់ក៏បានរត់គេចខ្លួនចូលក្នុងព្រៃអស់ទៅ។
យ៉ាងណាមិញ ក្រោយពីបង្កហេតុនៅសាលាឃុំរួច គេសង្ស័យថាជនដៃដល់មួយក្រុមនេះ បានបង្កចលាចលថែមទៀត ដោយបានទៅដុតកង់ឡាន និង ពង្រាយដែកគោលពេញផ្លូវនៅក្នុងភូមិមួយចំនួនក្នុងស្រុក Sai Buri ហើយបានលួចដាក់គ្រាប់បែកចំនួន ៤ កន្លែងទៀត នៅក្នុងស្រុក Kapho និង ស្រុក Mai Kaen នៅក្នុងខេត្ត Pattani ដដែល៕
ប្រភព៖ AMARINTV