នៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ នេះ លើហ្វេសប៊ុកផេករបស់ជំទាវ ចន ច័ន្ទលក្ខិណា បានជូនដំណឹងមរណភាពដ៏ក្រៀមក្រំ ដោយអ្នកនាងរំជួលចិត្ត និង សោកស្ដាយខ្លាំង ដែលបានបាត់បង់មនុស្សទីគោរពស្រឡាញ់ម្នាក់ គឺអតីតម្ដាយក្មេកដែលត្រូវជាម្ដាយបង្កើតរបស់លោក យុត្ថារ៉ា ឆានី បានទទួលមរណភាពហើយ។
តាមរយៈការបង្ហោះជូនដំណឹងនេះ បានឱ្យដឹងថាម្ដាយរបស់លោក យុត្ថារ៉ា ឆានី បានទទួលមរណភាពដោយសារជំងឺស្ទះសរសៃឈាមខួរក្បាល នៅឯមន្ទីរពេទ្យកាលម៉ែត្រ នៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ នេះ។
ក្នុងនោះ ជំទាវ ចន ច័ន្ទលក្ខិណា បានសរសេររៀបរាប់ថា ៖ «ដំណឹងមរណៈទុក្ខ ព្រឹកមិញនេះ អតីតម្តាយក្មេកខ្ញុំគាត់បានទទួលមរណភាពដោយជំងឺស្ទះសសៃឈាមខួរក្បាល ខ្ញុំសូមចូលរួមមរណៈទុក្ខផងបង ម៉ាក់គាត់ទៅបានសុខ និង ផុតទុក្ខកង្វល់ទាំងឡាយទាំងពួងអស់ហើយ នៅតែពួកយើងទេដែលត្រូវរ៉ាប់រងបន្ទុកនិងបញ្ហាជីវិត សូមបងរឹងមាំដើម្បីកូនៗ ពួកគាត់នៅតូចៗណាស់។ ជំនួសមុខឱ្យបង Yuthara Chhany ខ្ញុំសូមគោរពអញ្ជើញញាតិមិត្តបងប្អូនចូលរួមពិធីបុណ្យផង ទីតាំងបុណ្យខ្ញុំនិងបញ្ជាក់ជូននៅពេលក្រោយ ព្រោះពេលនេះសពអ្នកម្តាយកំពុងនៅមន្ទីរពេទ្យកាល់ម៉ែត្រ»។
ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើន កំពុងចែករំលែក និង បង្ហាញការសោកស្ដាយ ព្រមទាំងចូលរួមរំលែកទុក្ខជាមួយលោក យុត្ថារ៉ា ឆានី និង ក្រុមគ្រួសារផងដែរ៕