ថ្មីៗនេះ តាមរយៈទំព័រហ្វេសប៊ុក ក្រសួងព័ត៌មាន បានបង្ហោះដំណឹងដ៏មោទកភាពមួយទៀតសម្រាប់សៀវភៅធ្វើម្ហូបខ្មែរ ដែលសៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ ២ ឬ The Taste of Angkor 2 ទទួលបាន «ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ» ឬ “Special Award of the Jury” ពី Gourmand Awards លើកទី ៣០ នៅក្នុងកម្មវិធី Cascais World Food Summit ដែលប្រព្រឹត្តទៅនៅថ្ងៃទៅ ១៨-២២ ខែ មិថុនា ឆ្នាំ ២០២៥ នៅទីក្រុងលីសស្បោន ប្រទេសព័រទុយហ្គាល់ ដោយមានអ្នកចូលរួមរាប់រយនាក់ មកពីប្រមាណ ២០០ ប្រទេស។
នេះគឺជាសមិទ្ធផលជោគជ័យថ្មីមួយទៀត បន្ទាប់ពី សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ ១ ទទួលបានជោគជ័យ និង បានទទួលស្គាល់ពីកម្មវិធី Best of the Best Gourmand World Cookbook Awards 2021 ជាមួយពានរង្វាន់ «BEST ASIAN COOKBOOK» ឬ សៀវភៅធ្វើម្ហូបអាស៊ីល្អបំផុត។
លោក សៅ សុភ័ក្ត្រ ដែលគេស្គាល់ថា ជាចុងភៅមានជំនាញលើម្ហូបខ្មែរច្នៃប្រឌិត ឬម្ហូបបែបសហសម័យ គឺជាអ្នករៀបរៀង និង ចងក្រងសៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ទាំងភាគ ១ និង ភាគ ២។ សម្រាប់សៀវភៅភាគ ២ នេះ លោកក៏បានរួមដៃជាមួយចុងភៅខ្មែរ ៣ រូបទៀត មានដូចជា ចុងភៅ Kimsan Pol, ចុងភៅ Kimsan Sok និង ចុងភៅ Sothea Seng ដើម្បីបង្កើតមុខម្ហូប និង បង្អែម ដែលមានប្រមាណ ៣៨ មុខនៅលើទំព័រសៀវភៅផងដែរ។
ក្នុងនាមជាចុងភៅខ្មែរមួយរូប លោក សៅ សុភ័ក្ត្រ រមែងធ្វើឱ្យកម្ពុជាល្បីល្បាញនៅលើឆាកអន្តរជាតិ ជាក់ស្តែង កាលពីឆ្នាំ ២០២៤ លោកបានក្លាយជាអ្នកឈ្នះមួយរូប ក្នុងចំណោមអ្នកឈ្នះមួយចំនួនទៀត មកពីជុំវិញពិភពលោក នៅក្នុងកម្មវិធី BEST Master Chef 2024 Awards។ នេះមិនរាប់បញ្ចូលកម្មវិធីអន្តរជាតិជាច្រើនទៀត ដែលលោកបាននំាយកភាពជោគជ័យមកកាន់កម្ពុជា។
លើសពីអាជីព លោកជាចុងភៅម្នាក់ ដែលស្រលាញ់ការធ្វើម្ហូប ជាអ្នកបង្កើតម្ហូបថ្មី ការថែរក្សា និង ធ្វើការផ្សព្វផ្សាយម្ហូបខ្មែរដើម្បីឱ្យជាតិសាសន៍ដទៃបានដឹង បានស្គាល់ និង បានភ្លក់មុខម្ហូបខ្មែរ ដែលដូនតាខ្មែរយើងបានបន្សល់ទុកឱ្យក្មេងជំនាន់ក្រោយ៕