នៅសល់ជាង ១០ ថ្ងៃទៀតទេ តារាចម្រៀងប្រុសស្រី លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស បានក្លាយជាកូនកំលោះកូនក្រមុំក្នុងរោងជ័យតាមប្រពៃណីហើយ ដោយអ្នកទាំងពីរបានត្រៀមរៀបចំថ្ងៃពិសេសយ៉ាងធំដុំអធិកអធមនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខ។
ស្របពេលកំពុងត្រៀមខ្លួនសម្រាប់ថ្ងៃសិរីមង្គលខាងមុខនេះ ងាកទៅមើលអនាគតកូនកំលោះកូនក្រមុំក្នុងរោងជ័យទាំងពីររូប បានដឹកដៃគ្នាថតរូប Pre-Wedding ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរដ៏ស្អាតៗប្រណីតគ្រប់ទម្រង់ជាបន្តបន្ទាប់ ទាំងក្នុង និង ក្រៅប្រទេស ជាពិសេសរៀបចំធៀបការអញ្ជើញភ្ញៀវកិត្តិយស ក៏ដូចជាបង្ហាញពីគម្រោងរោងជ័យនៃកម្មវិធីយ៉ាងប្រណីតស្អាតប្លែកគេទៀតផង។
ដោយឡែក មុនឈានដល់ថ្ងៃពិសេសនេះដែរ អ្វីដែលកំពុងធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងចំពោះប្ដីប្រពន្ធមួយគូនេះ ខណៈបានឃើញអ្នកនាង ទេព បូព្រឹក្ស បង្ហាញវីដេអូជូនលោក ជី ដេវីត ទៅទិញកាដូពិសេសសម្រាប់ថ្ងៃរៀបការ ដែលជានាឡិកាដៃម៉ាកល្បីតម្លៃរាប់សិបម៉ឺនដុល្លារឯណោះ។ បើងាកមើលលោក ជី ដេវីត វិញ ក៏បានបង្ហាញក្ដីរំភើបខ្លាំង និង បង្ហោះអរគុណដល់ភរិយាបណ្ដូលចិត្ត ដែលឱ្យលោកទិញរបស់ក្នុងក្ដីស្រមៃជាយូរមកហើយនេះ ជាកាដូទុកពាក់សម្រាប់ថ្ងៃពិសេសខាងមុខនេះដែរ៕