កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកគាំទ្រតារាចម្រៀងរ៉េប ជី ដេវីត កំពុងផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកសារមួយរបស់លោក ដែលបានបង្ហាញពីការឧបត្ថម្ភប្រាក់ជួយទៅដល់កងទ័ពតាមរយៈអ្នកប្រមូលថវិកាជំនួយមួយក្រុម ប៉ុន្តែបែរជាមិនដល់ដៃកងទ័ព។
លើសពីនោះ ក្រឡេកទៅមើល អ្នកនាង យូរ៉ា ដែលជាអ្នកលក់អនឡាញល្បី និង ជាអ្នកសកម្មក្នុងការជួយដល់កងទ័ពជួរមុខ ក៏បានបង្ហោះសារជួបប្រទះរឿងដូចគ្នានឹងលោក ជី ដេវីត ហើយក៏ជាក្រុមមនុស្សតែមួយ ដែលបានយកប្រាក់ទៅហើយ តែមិនបានដល់ដៃកងទ័ពជួរមុខ។
តាមរយៈសាររបស់លោក ជី ដេវីត ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដំបូងនោះ គឺបានរៀបរាប់ថា៖ «មានប្រាំបីលានអត់ហ៊ានផឹកកាហ្វេទេសុខចិត្តឱ្យវាយកទៅជួយបងប្អូននៅខាងមុខ ចុងក្រោយវាបោក អាតិរច្ឆានអេីយអញកោតវាដាច់ចិត្តសុីទៅរួច។ ជីវិតហ្នឹងមិនដឹងរស់ធ្វើស្អីទេអាអើយទៅងា-ប់ទៅអញធុញណាស់»។ ភ្លាមនោះដែរ សារខាងលើនេះក៏ត្រូវបាន ចែ យូរ៉ា ចែករំលែក និង អម caption ថា៖ «ចង់ដឹងរឿងនឹងសួរបង វីត ទៅ រឿងដូចគ្នា»។
យ៉ាងណាក៏ដោយ ក្រោយផ្ទុះការចែករំលែកនូវរឿងកិបកេងប្រាប់មិនបានទៅដល់ដៃកងទ័ពបែបនេះហើយនោះ លោក ជី ដេវីត បានបង្ហោះសារ ទុកឱកាស និង សង្ឃឹមថាលុយនោះ នឹងបានដល់ដៃបងៗកងទ័ពវិញ រីឯង ចែ យូរ៉ា ក៏បានបញ្ជាក់ចុងក្រោយថា ក្រុមបុគ្គលនេះ សន្យាថានឹងប្រគល់ប្រាក់ត្រឡប់មកវិញក្នុងរយៈពេល ២ ថ្ងៃទៀត៕