មានករណីមួយនៅប្រទេសចិន ដែលមានបុរសម្នាក់ត្រូវខ្ទេចពោះវៀន និង ត្រូវវះកាត់យកចេញ ក្រោយពីគូដណ្តឹងនាំទៅឆក់អគ្គិសនីនៅពោះ ឱ្យស្គាល់រសជាតិឈឺចាប់របស់មនុស្សស្រីពេលឆ្លងទន្លេ។
តាមព័ត៌មានបានឱ្យដឹងថា ម្តាយ និង ប្អូនស្រីរបស់ខាងស្រីបានណែនាំឱ្យនាងនាំបុរសជាគូដណ្តឹងទៅឆក់អគ្គិសនីនៅពោះ ដើម្បីឱ្យគេយល់ពីក្តីឈឺចាប់របស់មនុស្សស្រីនៅពេលឆ្លងទន្លេ និង កាន់តែយកចិត្តទុកដាក់លើនាងនៅពេលរៀបការហើយ។ ក្នុងនោះដំបូងឡើយខាងប្រុសបានប្រកែក តែក្រោយមកក៏យល់ព្រមវិញ ហើយខាងស្រីបាននាំគូដណ្តឹងទៅឆក់អគ្គិសនីពោះនៅគ្លីនិករបស់ប្អូនស្រីរបស់នាងផ្ទាល់ ដោយគេត្រូវអគ្គិសនីឆក់អស់រយៈពេល ៣ ម៉ោងឯណោះ។
យ៉ាងណាមិញ នៅពេលយប់ឡើងបុរសរូបនេះមានការឈឺចាប់ក្នុងពោះជាខ្លាំង ហើយក៏ក្អួតមិនឈប់ រហូតត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ហើយគេពិនិត្យថាមានជាលិកានៅក្នុងពោះវៀនងាប់ និង មានការរលាកធ្ងន់ធ្ងរណាស់ តម្រូវឱ្យមានការវះកាត់យកពោះវៀនចេញ។ ដោយឡែក គ្រួសាររបស់ខាងប្រុសពិតជាខឹងខ្លាំងណាស់ ហើយក៏បានផ្តាច់ពាក្យជាមួយនារីរូបនេះ ព្រមទាំងហាមនាងមិនឱ្យទៅជាន់នៅមន្ទីរពេទ្យទៀតផង៕
ប្រភព៖ Khaosod