បច្ចុប្បន្ន ម៉ាកសម្លៀកបំពាក់ក្នុងស្រុកបានបង្កើតឡើងជាបន្តបន្ទាប់ ខណៈម៉ាកសម្រាប់ឈុតបុរស ហាក់មិនសូវជាមានច្រើនប៉ុន្មានឡើយ។ តែយ៉ាងណាមិញ មានបុគ្គលពីររូប បានបង្កើតម៉ាកទៅលើឈុតបែបនេះ ហើយក៏ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។

១. លោក តេង ស៊ាវប៉ោ ស្ថាបនិក Blvnc Attire
ក្នុងវ័យ ២៦ ឆ្នាំ លោក តេង ស៊ាវប៉ោ ជាស្ថាបនិក និង នាយកប្រតិបត្តិ នៃម៉ាកសម្លៀកបំពាក់បុរស Blvnc Attire។ អាជីវកម្មនេះ លោកបានផ្តោតលើផលិតផលគុណភាពខ្ពស់ និង ចង្វាក់ផលិតកម្មប្រកបដោយនិរន្តរភាព។ ជាវិស្វករផ្នែក Software ផងនោះ លោកបានច្របាច់បញ្ចូលគ្នានូវជំនាញបច្ចេកទេសរបស់លោក ជាមួយចក្ខុវិស័យច្នៃប្រឌិត ដើម្បីប្រាកដការរីកចម្រើនទាំងម៉ាកយីហោ ក៏ដូចជាតម្លៃរបស់អតិថិជន។ ឈុតរបស់ Blvnc Attire តែងបញ្ចេញម៉ូដទៅតាមរដូវកាល និង រៀបចំការបង្ហាញម៉ូដផងដែរ។




២. លោក អ៊ុង ប៉េងអាន ស្ថាបនិក Attire Lounge Official
មុខមាត់សង្ហា សម្តីមានមន្តស្នេហ៍ លោក អ៊ុង ប៉េងអាន ត្រូវបានគេស្គាល់ជា ស្ថាបនិកទំព័រហ្វេសប៊ុក Think with PingAnn ដែលបង្កើតវីដេអូចែករំលែកអំពី បញ្ហាសុខភាពផ្លូវកាយ ផ្លូវចិត្ត វិធីសាស្ត្រផ្តល់កម្លាំងចិត្ត និង ចំណេះដឹងផ្សេងៗ។ ក្នុងវ័យ ៣៣ ឆ្នាំ លោកក៏ជាសហស្ថាបនិក Attire Lounge Official ជាម៉ាកសម្លៀកបំពាក់ឈុតបុរស កំពុងទទួលបានការពេញនិយមខ្លាំង។ ជាមួយរបរមួយនេះ លោកបានលើកកម្ពស់បុរសឱ្យបង្ហាញខ្លួនតាមរយៈហ្វេហ្សិនបែប sartorial ដោយរួមបញ្ចូលចំណេះដឹងពីវគ្គសិក្សា Milan Fashion Academy ជាមួយនឹងការយល់ដឹងស៊ីជម្រៅនូវវប្បធម៌ក្នុងស្រុក។

ចំពោះការសិក្សាវិញ ពីឆ្នាំ ២០១២ ដល់ ឆ្នាំ ២០១៦ ប៉េងអាន បានបញ្ចប់ការសិក្សាជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ សារគមនាគមន៍ និង ការផលិតប្រព័ន្ធផ្សព្វផ្សាយ។ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ លោកបានសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងសុខភាព និង ហានិភ័យនៅសាកលវិទ្យាល័យ Michigan State University នៅសហរដ្ឋអាមេរិក៕



