លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាតាមដានកម្មវិធី Miss Universe Cambodia 2025 កំពុងចែករំលែកបង្ហាញការអបអរដោយក្ដីពេញចិត្តខ្លាំងចំពោះម្ចាស់ជ័យលាភីគ្រងមកុដថ្មី MUC 2025 អ្នកនាង ថៃ នារីសុជាតា ព្រោះមើលឃើញពីភាពលេចធ្លោរបស់នាងទាំងសមត្ថភាព និង ចំណេះដឹងស័ក្តិសមបំផុតតំណាងឱ្យកម្ពុជាឈរឆាកអន្តរជាតិ។
ក្រៅពីចែករំលែកបង្ហាញការអបអរគាំទ្រដល់ម្ចាស់មកុដថ្មីនៃកម្មវិធី Miss Universe Cambodia 2025 ឃើញថាចំពោះលំដាប់រងទី ២ MUC 2025 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏កំពុងទទួលបានការចែករំលែកអបអរលើកទឹកចិត្តពីអ្នកគាំទ្រជាច្រើន និង មានការសោកស្ដាយចំពោះនាងផងដែរ ដោយមិនអាចមានឱកាសដណ្ដើមបានជ័យលាភីគ្រងមកុដក្នុងកម្មវិធីនេះ។
យ៉ាងណា ដ្បិតតែមិនមានឱកាសក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Universe Cambodia 2025 មែន ប៉ុន្តែកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ឆក់បានក្ដីស្រឡាញ់ និង សរសើរពីមហាជនទូទាំងប្រទេសចំពោះសមត្ថភាពរបស់នាង ជាពិសេសភាពលេចធ្លោក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនេះ ដែលបានប្រកួតប្រជែងបង្ហាញសមត្ថភាពដ៏អស្ចារ្យពីមួយវគ្គទៅមួយវគ្គ និង ទទួលបានពានរង្វាន់មួយ គឺ RADIANOE QUEEN BY POND’S។
ដោយឡែក បន្ទាប់ពីប្រកួតចប់ចុះពីលើឆាកភ្លាម អ្វីដែលធ្វើឱ្យមហាជនកំពុងចាប់អារម្មណ៍ខ្លាំងទៀតចំពោះជ័យលាភីរង ១ MUC 2025 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ខណៈបានឃើញនាងបង្ហោះសារលើហ្វេសប៊ុកនិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនប៉ុន្មានម៉ាត់ថា ៖ «I have done my best. Once again, I’m proudly calling myself as your forever PICHVOTEY» ដែលមានអត្ថន័យថា៖ «ខ្ញុំបានធ្វើអស់ពីសមត្ថភាពហើយ ជាថ្មីម្ដងទៀត ខ្ញុំមានមោទកភាពដែលហៅខ្លួនឯងថាជា PICHVOTEY របស់អ្នកទាំងអស់គ្នាជារៀងរហូត»៕