ថ្មីៗនេះ មានការទម្លាយរឿងរ៉ាវរបស់ជាងកាត់សក់ម្នាក់ មកពីខេត្ត Hunan ប្រទេសចិន ដែលបានឆ្លងមេរោគអេដស៍ទាំងមិនធ្លាប់មានសកម្មភាពផ្លូវភេទ ព្រោះតែការធ្វេសប្រហែស ឆ្លងតាមការមុតកន្រ្តៃកាត់សក់។
តាមព័ត៌មានបានឱ្យដឹងថា ជាងកាត់សក់រូបនេះមានវ័យ ២៨ ឆ្នាំ ហើយកាលពីខែមីនា ឆ្នាំ ២០១៦ កន្លងទៅ បុរសជាជាងចាប់ផ្តើមកើតអាការៈឈឺក្បាលល្ហិតល្ហៃ ហើយមានកន្ទួលរមាស់ពេញខ្លួន រាករូសរ៉ាំរ៉ៃ និងការឈឺសន្លាក់ដៃរហូតដល់កាត់សក់ឱ្យភ្ញៀវមិនកើត។ បុរសរូបនេះ បានប្រញាប់ទៅពេទ្យពិនិត្យ ក៏ស្រាប់តែឃើញថាខ្លួនមានផ្ទុកមេរោគ HIV តែក៏បានបដិសេធទាំងទឹកភ្នែកថា ខ្លួនមិនដែលមានសកម្មភាពផ្លូវភេទនោះទេ ហេតុអ្វីបានជាឆ្លងបែបនេះ។
ក្រោយពីគ្រូពេទ្យបានពន្យល់ថា ជំងឺអេដស៍មិនមែនឆ្លងតែតាមការរួមភេទតែម្យ៉ាង តែអាចងាយឆ្លងតាមរយៈការប៉ះពាល់ឈាមផ្ទាល់ បុរសរូបនេះក៏បាននឹកឃើញថា ខ្លួនធ្លាប់មុតដៃជាមួយកន្រ្តៃកាត់សក់នៅហាង ដែលកន្រ្តៃនោះបានប្រើកាត់សក់ឱ្យភ្ញៀវជាច្រើននាក់ ដោយមិនបានសម្អាតឱ្យបានត្រឹមត្រូវឡើយ ហើយវាអាចជាប់ប្រឡាក់ឈាមអ្នកផ្ទុកមេរោគអេដស៍ ទើបអាចបណ្តាលឱ្យមានការឆ្លងបែបនេះ៕
ប្រភព៖ Soha