សារព័ត៌មាន Sin Chew បានរាយការណ៍ពីករណីបុរសម្នាក់ ជាជាងកាត់សក់នៅប្រទេសឥណ្ឌូនេស៊ី ដែលបានទទួលកាត់សក់ឱ្យភ្ញៀវដល់ទៅ ៨០ នាក់ក្នុងមួយថ្ងៃ ដល់ថ្នាក់ទន់ដៃទន់ជើងដេកនៅនឹងដី និង ត្រូវការអុកស៊ីសែនជំនួយ។

តាមព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ បុរសជាជាងកាត់សក់ខាងលើ បានទទួលភ្ញៀវតាំងពីព្រឹករហូតដល់ថ្ងៃ សរុបដល់ទៅ ៨០ នាក់ ព្រោះតែថ្ងៃនោះជាថ្ងៃបុណ្យ Eid al-Fitr ដែលជាថ្ងៃបុណ្យសាសនាសម្រាប់ប្រជាជនម៉ូស្លីម។ ដោយសារតែមិនបានសម្រាក និង ឈរជាប់ជាប្រចាំ ចុងក្រោយបុរសរូបនេះក៏បានអស់កម្លាំងរលីងពីខ្លួន ហើយក៏ទន់ខ្លួនអង្គុយចុះនៅនឹងអិដ្ឋដែលពេញទៅដោយសក់ លើសពីនេះទៅទៀត គឺត្រូវដាក់អុកស៊ីសែនដើម្បីជំនួយទៀត។

យ៉ាងណាមិញ រឿងរ៉ាវរបស់បុរសជាជាងកាត់សក់នេះ ត្រូវបានមហាជននាំគ្នាចែកចាយពាសពេញបណ្តាញសង្គម ដោយមានអ្នកខ្លះនាំគ្នាសរសើរមិនដាច់ពីមាត់ រីឯអ្នកខ្លះទៀតក៏លើកទឹកចិត្ត ហើយមានអ្នកមួយចំនួនទៀតនាំគ្នាភ្ញាក់ផ្អើលផងដែរ៕
ប្រភព៖ Kapook