ជាតារាសិល្បៈ ក្រៅពីមមាញឹកនឹងអាជីព ពួកគេក៏តែងឆ្លៀតជាមួយសកម្មភាពសប្បុរសធម៌ ខ្លះដើម្បីជួយជនក្រីក្រ ខ្លះជួយកុមារ និង ខ្លះទៀតជួយក្នុងវិស័យសុខាភិបាលជាដើម។ ជាក់ស្តែង ចំណោមតារាសិល្បៈ ក្នុងនោះ ឃើញមានតារាពីររូប ដែលពួកគេបានបង្កើតយុទ្ធនាការដោយឡែក ដោយម្នាក់ដើរ និង ម្នាក់ទៀតរត់ ក្នុងចម្ងាយផ្លូវដ៏ឆ្ងាយពីខេត្តមួយទៅខេត្តមួយ ជាមួយបេសកកម្មរៃអង្គាសថវិកា។
១. លោក អ៊ួន បឋម ហៅ សាយ
កន្លងមក សិល្បករចម្រៀង សាយ បានបង្កើតព្រឹត្តិការណ៍រត់ជាច្រើននៅទូទាំងប្រទេសកម្ពុជា រាល់ព្រឹត្តិការណ៍នីមួយៗមានការចូលរួមយ៉ាងច្រើនពីយុវជន ជាពិសេស អ្នកស្រលាញ់សុខភាព។ អមនឹងព្រឹត្តិការណ៍ទាំងនោះ សាយ ក៏ភ្ជាប់មកជាមួយបេសកកម្មសប្បុរសធម៌ផងដែរ។ ជាក់ស្តែង កន្លងមក លោកបានរៃអង្គាសមូលនិធិសម្រាប់ជួយដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរ និង ដើម្បីអនាគតរបស់ពួកគេ។
២. កញ្ញា កុយ អេនណា
ថ្មីៗនេះ តារាសម្តែង និង ម៉ូឌែល កុយ អេនណា បានបង្ហាញពីបេសកកម្មមួយរបស់នាង គឺ ការធ្វើដំណើរថ្មើរជើងលើកដំបូងទៅកាន់ខេត្តសៀមរាប ក្រោមប្រធានបទ «ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍» ជាមួយការរៃអង្គាសថវិកាសប្បុរសធម៌ ជួយដល់កុមារ ឬ ជនពិការក្នុងមណ្ឌលខ្វះខាត និង ផ្សព្វផ្សាយទេសចរណ៍ក្នុងប្រទេស ក្រោមម្លប់សន្តិភាព។ យុទ្ធនាការដើរ និង រៃអង្គាសមូលនិធិនេះ បានចាប់ផ្តើមកាលពីថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០២៥ ពីទីក្រុងភ្នំពេញ រហូតដល់បញ្ចប់គោលដៅនៅខេត្តសៀមរាប៕