កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ មានករណីជនជាតិរុស្ស៊ីចំនួន ៥ នាក់ បានពុលផ្លែឈើព្រៃនៅឯប្រទេសថៃបែកពពុះមាត់ស្គុល ដល់ថ្នាក់ត្រូវបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

តាមព័ត៌មានបានឱ្យដឹងថា ជនជាតិរុស្ស៊ីទាំងអស់មាន ៧ នាក់ បានធ្វើដំណើរមកពីខេត្ត Phang Nga ហើយបានឆ្លងកាត់ព្រៃឧទ្យាន Khao Na Nai Luang នាខេត្ត Surat Thani រួចក៏បាននាំគ្នាចូលលេង ព្រមទាំងបានភ្លក់ផ្លែឈើម្យ៉ាងស្រដៀងនឹងផ្លែចាន់។ ក្រោយពីបានភ្លក់រួចហើយ ស្រាប់តែម្នាក់ៗមានអាការៈក្អួតចង្អោរ ណែនទ្រូង វិលមុខ និង បែកពពុះមាត់ ទើបត្រូវបានគេប្រញប់បញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យក្នុងតំបន់។

យ៉ាងណាមិញ ក្នុងនោះជនជាតិរុស្ស៊ីដែលមានអាការៈធ្ងន់មាន ៥ នាក់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះ ប៉ុន្តែ ២ នាក់ទៀតមិនត្រូវបានគេបញ្ចូនទៅឡើយ។ ដោយឡែក អាជ្ញាធរក្នុងតំបន់កំពុងត្រួតពិនិត្យលើករណីនេះ ជាពិសេសពិនិត្យទៅលើផ្លែឈើព្រៃ ដែលជនរងគ្រោះបានទទួលទាន៕

ប្រភព៖ Khaosod