កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រុមទាហានល្បាតរបស់ថៃ បានបង្រ្កាបក្រុមគ្រឿងញៀនដែលកំពុងធ្វើសកម្មភាពនៅក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា រឹបអូសបានគ្រឿងញៀន ៣០ ការុង ស្មើនឹងប្រមាណជាង ៦ លានគ្រាប់។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅតំបន់ Ban Arunotai ឃុំ Muang Na, ស្រុក Chiang Dao ខេត្ត Chiang Mai។ ដោយខណៈដើរល្បាត ក្រុមទាហានខាងលើបានឃើញមនុស្សមួយក្រុមមានគ្នាប្រមាណ ៣០ នាក់ មានសុទ្ធតែស្ពាយកាបូបនៅជាប់ខ្លួនទើបសុំធ្វើការឆែកឆេរ តែក្រុមខាងលើបានប្រើប្រាស់កាំភ្លើងទៅលើទាហាន រហូតដល់មានការតដៃគ្នាអស់ប្រមាណ ៥ នាទី។
ក្រោយមកកម្លាំងជំនាញបានចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ហើយបានរឹបអូសកាបូបស្ពាយកែច្នៃចំនួន ៣០ ការុង ដែលក្នុងមួយការុងមានផ្ទុកគ្រឿងញៀនប្រភេទអំហ្វេតាមីចំនួន ២ សែនគ្រាប់ សរុបទាំង ៣០ ការុង មានទាំងអស់ចំនួន ៦ លានគ្រាប់ ហើយក៏បានបញ្ចូនគ្រឿងញៀនទាំងអស់នេះទៅត្រួតពិនិត្យ និង ដំណើរការតាមផ្លូវច្បាប់៕
ប្រភព៖ Khaosod