កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ សារព័ត៌មាន Khaosod បានចេញផ្សាយថា សមុទ្របាងសែននៅឯប្រទេសថៃ បានប្រែពណ៌ទៅជាខ្មៅស្រអាប់គួរឱ្យខ្លាច ដែលជាហេតុធ្វើឱ្យចំនួនអ្នកទេសចរថយចុះ។

តាមព័ត៌មានបានឱ្យដឹងថា ឆ្នេរខាងលើនេះ ស្ថិតនៅក្នុងឃុំសែនសុខ ស្រុកមឿង ខេត្តឈុនបុរី។ ក្នុងនោះ ទឹកសមុទ្របានប្រែពណ៌ទៅជាស្រអាប់ខុសធម្មតា ដែលធ្វើឱ្យអ្នកទេសចរក្នុងស្រុក និង ក្រៅស្រុកជាច្រើនមិនហ៊ានចូលទៅងូត ដោយម្នាក់ៗមានការភ័យខ្លាច និង ខ្ពើមរអើម។

យ៉ាងណាមិញ ការប្រែពណ៌នេះ តាមព័ត៌មានបានបញ្ជាក់ថា អាចបណ្តាលមកពីមូលហេតុដូចជាការរីករាលដាលនៃប្លង់តុង អាចបណ្តាលមកពីព្យុះភ្លៀងធ្លាក់ខ្លាំង ឬអាចបណ្តាលមកពីទឹកទន្លេបាងប៉ះគងត្រូវគេទម្លាយចូលទៅក្នុងសមុទ្រ។ ដោយឡែក អ្នករកស៊ីនៅតំបន់ឆ្នេរខាងលើបាននាំគ្នាបារម្ភថាអាចនឹងមានចំនួនអ្នកទេសចរថយចុះ តែអ្នកជំនាញបានបកស្រាយឱ្យដឹងថា នេះគឺជាបាតុភូតធម្មជាតិដ៏កម្រមួយ ហើយនៅពេលដែលព្យុះស្ងប់ស្ងាត់ទៅ ទឹកសមុទ្រនឹងត្រលប់ទៅរកសភាពថ្លាដូចដើមវិញ៕



ប្រភព៖ Khaosod