អស់រយៈពេលច្រើនឆ្នាំមកនេះ Rihanna មិនត្រឹមតែត្រូវបានហ្វេនទូទាំងពិភពលោក សាទរជាតារាចម្រៀងប៉ុបដ៏ល្បីល្បាញប៉ុណ្ណោះទេ តែនាងក៏បានធ្វើឱ្យខ្លួនឯងក្លាយជាមហាសេដ្ឋី ជាមួយជំនួញនៅក្នុងវិស័យសម្រស់ និង ហ្វេហ្សិនផងដែរ។
ការរកស៊ីតែងមានឡើងមានចុះ តួយ៉ាង មកដល់ឆ្នាំ ២០២៥ Rihanna នាងហាក់ដូចជាយីអ៊ុនដាក់ ដោយទ្រព្យសម្បត្តិរបស់នាងបានធ្លាក់ចុះដល់ទៅ ៤០០ លានដុល្លារ ប្រមាណ ២៩% ដោយផ្អែកលើការវាយតម្លៃពីឆ្នាំ ២០២៤ ដែលនាងមានទ្រព្យសម្បត្តិសរុប ១,៤ ពាន់លានដុល្លារ។ នេះបើយោងតាម ទស្សនាវដ្តីអាជីវកម្ម Forbes។
បើយោងតាមរបាយការណ៍ Vibe report ការធ្លាក់ចុះទ្រព្យសម្បត្តិរបស់ Rihanna មិនពាក់ព័ន្ធនឹងអាជីពចម្រៀងឡើយ តែធ្លាក់ដោយសារអាជីវកម្មរបស់នាង ពោលគឺប្រ៊េនផលិតផលគ្រឿងតុបតែងមុខ Fenty Beauty និង សម្លៀកបំពាក់ឈុតក្នុងប្រ៊េន Savage X Fenty។
កន្លងមក Rihanna បានជាប់ចំណាត់ថ្នាក់លេខ ៣៥ នៅលើទស្សនាវដ្តី Forbes ជាស្ត្រីដែលធ្វើឱ្យខ្លួនឯងក្លាយជាអ្នកមានបំផុត។ ចំពោះការធ្លាក់ចុះទ្រព្យសម្បត្តិ អាចបណ្តាលមកពីកត្តាច្រើនយ៉ាង តែកត្តាចម្បងមួយក្នុងចំណោមនោះគឺ CEO ដឹកនាំប្រ៊េនឈុតក្នុង Savage X Fenty បានលាលែងក្នុងឆ្នាំ ២០២៤ ប្តូរទៅធ្វើជាអ្នកដឹកនាំថ្មីនៅកម្មវិធី Victoria’s Secret។
ថ្វីបើទ្រព្យសម្បត្តិធ្លាក់ចុះ តែតារាចម្រៀង Rihanna នៅតែផ្តោតលើការពង្រីកអាណាចក្រជំនួញរបស់នាង។ ជាក់ស្តែង កាលពីខែមេសាកន្លងទៅ នាងបាន ចាប់ផ្តើមប្រ៊េន Savage X Fenty ជាមួយការបញ្ចេញខូឡិកហ្សិនសម្លៀកបំពាក់កូនក្រមុំ និង បញ្ចេញផលិតផលថ្មីសម្រាប់ម៉ាកគ្រឿងតុបតែងមុខដូចជា ជែលលាបខ្លួន Body Lava luminizers និង ម៉ាស្ការ៉ាជាដើម៕
ប្រភព៖ ECO