មកដល់ឆ្នាំ ២០២៥ មាសបានឡើងគួរឱ្យកត់សម្គាល់ ដែលនេះជាឱកាសសម្រាប់អ្នកចង់បណ្តាក់ទុន ដែលចង់ទិញទុកសម្រាប់លក់ចំណេញ លក់វិញក៏មិនខាត។ យ៉ាងណាមិញ បើតាម អ្នកនាង កន្និដ្ឋា អ្នកបង្កើតមាតិកាដ៏ល្បីល្បាញ ហើយក៏ជាអ្នកវិភាគសង្គមដ៏ស៊ីជម្រៅ អ្នកនាងបានឱ្យមតិយោបល់ សម្រាប់បងប្អូនចង់ទិញមាសទុកផងដែរ។

ជាក់ស្តែង អ្នកនាង កន្និដ្ឋា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ឆ្នាំ ២០២៥ នេះ មាសបានឡើងរហូតទៅដល់ 50% តើយើងគួរតែចេះពេញចិត្ដជាមួយលទ្ធផលនេះដែរឬទេ? តើប្រុងឱ្យវាឡើងមិនឈប់ ដោយមិនឱ្យវាបានសម្រាកខ្លះដើម្បីបានឡើងតទៅទៀតទេឬ? បើឆ្នាំក្រោយមាសវាឡើងទៅដល់ $600 ក្នុងមួយជី នេះខ្ញុំគិតថាវានៅឡើងស្ទើរផង តើហេតុអ្វី?

ទី 1: នៅក្នុងប្រវត្ដិសាស្រ្ដរបស់សហរដ្ឋអាមេរិក មាសដែលខ្លួនមាន គឺមិនដែលមានតិចជាង 20% នៃបំណុលរបស់ខ្លួនឯងទេ រាល់ថ្ងៃនេះតម្លៃមាស 8000 តោនដែលសហរដ្ឋអាមេរិកកំពុងតែមាន បើគិតតាមតម្លៃទីផ្សារមាសក្នុងពេលឥឡូវ គឺវាស្មើត្រឹមតែ 10% នៃបំណុលរបស់ខ្លួនតែប៉ុណ្ណោះ។ នេះបើចង់ឱ្យស្មើដល់ 20% ដូចកាលពីមុន នោះតម្លៃមាសគឺត្រូវតែឡើងថ្លៃទៀត។ និយាយឱ្យខ្លីទៅ មាសគឺសមតែនឹងឡើងទៅដល់ $800 ក្នុងមួយជីផង ប៉ុន្តែខ្ញុំមិនដែលរំពឹងទុកថានឹងឡើងខ្លាំងដល់ប៉ុណ្ណឹងទេ ត្រឹម $600 អីហ្នឹងគឺខ្ញុំលក់ហើយ។

ទី 2: ខ្ញុំបាននិយាយដដែលៗបែបនេះម្ដងហើយម្ដងទៀត សហរដ្ឋអាមេរិកកំពុងតែស្ថិតនៅក្នុងវិបត្ដិបំណុល ហើយមិនអាចសងរួចទេ។ ផ្លូវចេញគឺមានតែខ្ចីលុយបន្ថែមទៀត ដែលជាការត្រូវតែបោះពុម្ពលុយដុល្លារយ៉ាងសន្ធឹកសន្ធាប់មកបន្ថែមទៀត។ បែបនេះវានឹងធ្វើឱ្យតម្លៃដុល្លារធ្លាក់ចុះថោក ដែលជាហេតុធ្វើឱ្យមាសឡើងថ្លៃ។

ទី 3: ធនាគារកណ្ដាលរបស់ប្រទេសជាច្រើនគេបានមើលធ្លុះពីក្រយៅរបស់សហរដ្ឋអាមេរិក ដូច្នេះឱ្យតែពួកគេរកលុយដុល្លារបាន គឺពួកគេតែងតែយកទៅទិញមាសទុក។ គ្រាន់តែធនាគារកណ្ដាលពីប្រទេសទាំងអស់នោះ នាំគ្នាប្រមូលទិញមាសទុកគឺចំនួន 1000 តោនជារៀងរាល់ឆ្នាំបាត់ទៅហើយ។

សរុបមកខ្ញុំមើលមិនឃើញថា មាសនឹងអាចធ្លាក់ចុះខ្លាំងដោយតាមរបៀបណានោះទេ។ នេះគឺមិនមែនជាដំបូន្មានផ្នែកហិរញ្ញវត្ថុនោះទេ ខ្ញុំគ្រាន់តែប្រាប់បងប្អូនអំពីអ្វីដែលខ្ញុំគិត និងធ្វើសម្រាប់ខ្លួនឯងតែប៉ុណ្ណោះ។ ខ្ញុំដឹងតែថា ខ្ញុំទិញថែមហើយ និង កាន់វាទុក តែសម្រាប់បងប្អូនវិញ សូមធ្វើតាមតែចិត្ដរបស់បងប្អូនទៅ ហើយទទួលខុសត្រូវដោយខ្លួនឯង។ សូមយកតែលុយដែលមិនត្រូវការប្រើប្រាស់ចាំបាច់យកទៅទិញបានហើយ និង ប្រយ័ត្នទិញចំមាសក្លែងក្លាយ»៕

ប្រភព៖ FB