អ្នកតាមដានពីទំនាក់ទំនងរវាងតារាចម្រៀងស្រី រ៉ាប៊ី និង កីឡាករបាល់ទាត់រូបសង្ហាកូនខ្មែរកាត់អាមេរិក លោក Nick Taylor បានឃើញហើយថាពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរកាន់តែបង្ហាញសកម្មភាពផ្អែមល្ហែមលើបណ្ដាញសង្គមខ្លាំងឡើង ធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបជំនួស។

បើនិយាយពីរឿងបើកចំហទំនាក់ទំនងស្នេហារវាងកញ្ញា រ៉ាប៊ី និង កីឡាករបាល់ទាត់រូបសង្ហាកូនខ្មែរកាត់អាមេរិក លោក Nick Taylor ឯណោះវិញ ទើបតែបង្ហើបប្រមាណជាកន្លះឆ្នាំចុងក្រោយនោះទេ ថាអ្នកទាំង ២ ពិតជាគូស្នេហ៍នឹងគ្នាមែន។

យ៉ាងណាមិញ ថ្មីៗនេះ នៅក្នុងកម្មវិធី 3 Fun កញ្ញា រ៉ាប៊ី បានបញ្ជាក់ឱ្យដឹងថា កញ្ញា និង លោក Nick Taylor មានទំនាក់ទំនងនឹងគ្នាប្រមាណជា ១ ឆ្នាំកន្លះមកហើយ ដោយគិតចាប់តាំងពីបទចម្រៀង «រាំញ័រ» មកម្ល៉េះ។

ក្នុងកិច្ចសម្ភាសនោះដែរ កញ្ញា រ៉ាប៊ី បានឱ្យដឹងថា ៖ «ស្គាល់គ្នាប្រមាណជាកន្លះឆ្នាំ ទើបនាងដាច់ចិត្តសួរលោក Nick ថាស្រឡាញ់ ឬ ចូលចិត្តនាងឱ្យប្រាកដ ទើបខាងប្រុសថាស្រឡាញ់។ លើសពីនោះទៀតដែរ ខាងស្រីបានដាក់គោលដៅរយៈពេល ២ ឆ្នាំ ដើម្បីមើលចិត្តគ្នា ព្រោះកញ្ញា រ៉ាប៊ី មិនមែនលេងសើចទេ ដូច្នេះទាក់ទងគ្នាមើលគ្នាឱ្យច្បាស់ បើសិនមិនពេញចិត្តចរិតគ្នាបែកគ្នាចុះ តែខាងប្រុសសុំ ៣ ឆ្នាំ ល្អជាង»៕
