នៅវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ មានករណីអគ្គិភ័យមួយ បានកើតឡើងនៅអគារពាណិជកម្មកម្ពស់ ៣ ជាន់មួយកន្លែងនាទីក្រុងបាងកក បណ្តាលឱ្យបុគ្គលិកភ័យរត់ជាន់ជើងគ្នារកប្រាសអាយ៉ូស។
តាមព័ត៌មានបានឱ្យដឹងថា អគារខាងលើនេះស្ថិតនៅផ្លូវចម្រើនណាខន សង្កាត់បាងឡាំភូឡាង ខណ្ឌខ្លងសាន ទីក្រុងបាងកក។ ក្នុងនោះ សាក្សីបានឱ្យដឹងថា គេបានប្រទះឃើញផ្សែងខ្មៅឆួលចេញពីជាន់ទី ៣ នៃអគារ ហើយក៏បានឃើញភ្លើងឆាបចេញពីបន្ទប់សម្រាករបស់បុគ្គលិក ទើបបានប្រញាប់ហៅអាជ្ញាធរមកជួយអន្តរាគមន៍។
អាជ្ញាធរបានចុះមកអន្តរាគមន៍ពន្លត់ភ្លើងបានសម្រេច ហើយមូលហេតុនៃការឆេះត្រូវគេសន្និដ្ឋានថា អាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ដោយឡែកបច្ចុប្បន្នអាជ្ញាធរកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដ និងឱ្យសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ ប្រមូលភស្តុតាងផ្សេងៗ ដើម្បីបញ្ចប់សំណុំរឿងទៅតាមច្បាប់៕
ប្រភព៖ Khaosod