កាលពីយប់ថ្ងៃទី ១៣ មិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ ប្រមាណម៉ោង ២១ និង ២០ នាទី មានអគ្គិភ័យមួយបានឆាបឆេះហាងលក់សម្ភារផ្ទះបាយ និង គ្រឿងសង្ហារិមមួយកន្លែងក្នុងប្រទេសថៃ បណ្តាលឱ្យខូចខាតទឹកប្រាក់សរុបជាង ៥០ លានបាត។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅស្រុក Bua Lamphu ខេត្ត Udon Thani ប្រទេសថៃ ដោយកន្លែងខាងលើនេះគឺជាកន្លែងលក់ ព្រមទាំងជាឃ្លាំងស្តុកសម្ភារផ្ទះបាយ និង គ្រឿងសង្ហារិមធ្វើឡើងពីប្លាស្ទិក។ តាមរយៈបុគ្គលិកនៅក្នុងហាងបានឱ្យដឹងថា បន្ទាប់ពីខ្លួនបានយកអីវ៉ាន់ទៅឱ្យភ្ញៀវហើយ ត្រឡប់មកវិញក៏ឮសំឡេងទុស្សេនៅជាន់ខាងលើ រួចក៏កើតទៅជាអណ្តាតភ្លើង ហើយត្រឹមតែ ៥ នាទីក្រោយមក វាក៏ចាប់ឆេះរាលដាលយ៉ាងសន្ធោសន្ធៅ។
យ៉ាងណាមិញ ខាងអាជ្ញាធរបានចុះមកអន្តរាគមន៍ពន្លត់ ដោយប្រើពេលជាង ១ ម៉ោង ទើបអាចគ្រប់គ្រងបាន និង គ្មានអ្នករងរបួសនោះទេ។ ក្នុងនោះ អាជ្ញាធរបានសន្និដ្ឋានថា មូលហេតុនៃការឆេះគឺបណ្តាលមកពីការទុស្សេខ្សែភ្លើង ហើយចំណែកតម្លៃនៃការខូចខាតសុរបគឺប្រហែលជាជាង ៥០ លានបាត៕
ប្រភព៖ Thairath