បើរំឭកពីកម្មវិធីប្រកួតចម្រៀងកុមារលំដាប់ពិភពលោក The Voice Kid Cambodia រដូវកាលទី ២ កាលពីអំឡុងឆ្នាំ ២០១៩ មហាជននិយមទស្សនាកម្មវិធីនេះ ច្បាស់ជានៅចាំកុមារា ឆេង ប្រសិទ្ធ ដែលជាបេក្ខភាពឆ្នើមមួយរូបក្នុងចំណោមបេក្ខភាពឆ្នើមដទៃផ្សេងទៀត។

កាលនោះ គេចាំបានថា បើទោះជាកុមារា ឆេង ប្រសិទ្ធ មិនអាចដណ្តើមបានពានរង្វាន់ជ័យលាភីក៏ពិតមែន ប៉ុន្តែកុមារាររូបនេះទទួលបានការគាំទ្រ និង ទីផ្សារការងារសិល្បៈជាច្រើន ដោយមានទាំងការច្រៀង និង ការសម្តែងបន្ទាប់ពីកម្មវិធីបានបញ្ចប់។

ដោយឡែក ក្រឡេកមកបច្ចុប្បន្នវិញ បើនិយាយពីបណ្តាញសង្គមនានារបស់ ឆេង ប្រសិទ្ធ ប្រមាណ ២ ឆ្នាំ ចុងក្រោយនេះ គឺពុំសូវដែលបង្ហាញពីសកម្មភាពប្រចាំថ្ងៃនោះឡើយ ពោលគឺ ឆេង ប្រសិទ្ធ ហាក់ស្ងប់ស្ងាត់ខ្លាំង។

យ៉ាងណាមិញ ថ្មីៗនេះ ឆេង ប្រសិទ្ធ ក៏បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាថ្មី ខណៈកុមារារូបនេះ បានបង្ហោះរូបថ្មីៗកាលពីដើមខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ដោយបង្ហាញនូវរូបសម្រស់ដ៏ស្រស់សង្ហា ពេញកំលោះស្តូក លែងជាកុមារាទៀតហើយ។ ក្នុងនោះដែរ ឆេង ប្រសិទ្ធ ក៏បានបញ្ជាក់ថា មូលហេតុបាត់មុខមកនេះ ក៏ព្រោះតែរវល់នឹងការសិក្សាពេក៕




