ក្រោយក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដថ្មីនៃបវរកញ្ញាយុវតី Miss Teen Cambodia 2025 នេះ ជូរី ល្អហួស កំពុងត្រូវបានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនចែករំលែកបង្ហាញការអបអរដោយក្ដីពេញចិត្តខ្លាំង ព្រោះមើលឃើញពីភាពលេចធ្លោរបស់នាងទាំងសមត្ថភាព និង ចំណេះដឹង ស័ក្តិសមបំផុតតំណាងឱ្យកម្ពុជាឈរលើឆាកអន្តរជាតិ Miss Teen International 2026 ខាងមុខ។


លើសពីនេះ ក្រៅពីចែករំលែកអបអរដល់យុវតី ជូរី ល្អហួស ចំពោះតំណែងជាម្ចាស់មកុដថ្មីនៃ MTC 2025 នៅក្នុងរាត្រីគ្រងមកុដនោះដែរ នាងក៏ត្រូវបានមហាជនចែករំលែកសរសើរខ្លាំងនូវភាពក្លាហាន និង ឆន្ទៈដ៏មោះមុតរបស់នាង ក្នុងការប្រើសំឡេងនិយាយផ្សព្វផ្សាយពីអំពើឈ្លានពានរបស់ថៃមកលើកម្ពុជា ក្នុងវគ្គឡើងសុន្ទរកថា ១០ នាក់ចុងក្រោយ។

លើវេទិកានៃវគ្គសុន្ទរកថាក្នុងកម្មវិធីប្រកួតនោះ ជូរី ល្អហួស បានលើកយកប្រធានបទ «២៤ កក្កដា ខ្មែររងការបាញ់ប្រហារពីថៃ» ដោយនាងបានរៀបរាប់ពីអំពើឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាម្ដងហើយម្ដងទៀត បន្សល់តែក្ដីឈឺចាប់ដក់ជាប់ក្នុងចិត្តប្រជាជនកម្ពុជា ដែលបានបាត់បង់វីរជនពលីសាច់ស្រស់ឈាមស្រស់ និង រងការខូចខាតផ្ទះសម្បែងពលរដ្ឋជាច្រើន។

ជាមួយគ្នានោះ ជូរី ល្អហួស ក៏បានលើកឡើងពីការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ បណ្ដាលឱ្យពលរដ្ឋស្លូតត្រង់របស់កម្ពុជារងរបួល និង បាត់បង់ជីវិត ដែលនាងនិយាយប្រកាសថ្កោលទោសដល់ប្រទេសថៃដែលរំលោភលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និង សូមអំពាវនាវដល់សមាគមអន្តរជាតិជួយដោះស្រាយរកយុត្តិធម៌ដល់កម្ពុជាផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីទទួលតំណែងជា MTC 2025 នេះ ក្នុងនាមជាបវរកញ្ញាដ៏មានសក្ដានុពលមួយរូប ជូរី ល្អហួស ក៏កំពុងត្រៀមខ្លួនបង្ហាញសមិទ្ធផលថ្មីៗសម្រាប់លើកមុខមាត់ប្រទេស ដែលត្រៀមនឹងបំពេញការងារលើឆាកអន្តរជាតិផ្សេងៗ។

លើសពីនេះ បវរកញ្ញាយុវតី ជូរី ល្អហួស ក៏បានបង្ហោះសារមួយបង្ហាញការពីត្រៀមខ្លួនចំពោះការបើកបង្ហាញសំឡេងពិតនៃកម្ពុជា ជុំវិញរឿងរ៉ាវឈ្លានពានដែលកម្ពុជាកំពុងរងការវាយប្រហារម្ដងហើយម្ដងទៀតនោះ យកទៅផ្សព្វផ្សាយលើឆាកអន្តរជាតិម្ដងនៅក្នុងឆ្នាំ ២០២៦ ខាងមុខ។ សារនោះ ជូរី ល្អហួស បានរៀបរាប់លើហ្វេសប៊ុកថា «សំឡេងពិតរបស់កម្ពុជានឹងបើកបង្ហាញនៅលើឆាកអន្តរជាតិ នៅឆ្នាំ 2026 ខាងមុខនេះ ជូរី ល្អហួស Miss Teen Cambodia 2025»៕



