បើនិយាយពីរឿងរ៉ាវឯកជនរបស់អ្នកនាង ឱក សុគន្ធកញ្ញា ដូចមហាជនបានជ្រាបច្បាស់មកហើយពាក់ព័ន្ធនឹងជីវិតគ្រួសាររបស់តារាចម្រៀងជួរមុខរូបនេះ ត្រូវបានចាត់ទុកជាគ្រួសារ ដែលពោរពេញដោយសុភមង្គលយ៉ាងខ្លាំង។

ក្រោយចំណងអាពាហ៍ពិពាហ៍អស់រយៈពេលជិត ៧ ឆ្នាំ ហើយនោះ គ្រួសារតូចរបស់អ្នកនាង ឱក សុគន្ធកញ្ញា ក៏កាន់តែទទួលបានភាពសប្បាយរីករាយខ្លាំងឡើងៗ បន្ទាប់ពីទទួលបានចំណងដៃកូនប្រុសចំនួន ២ នាក់ គឺអូន ឆលី និង អូន Presley ។

ងាកមកកាន់កូនប្រុសច្បង គឺអូន អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ឯណោះវិញ ធ្មេចបើកៗមានវ័យ ៦ ឆ្នាំ ហើយ ដោយកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកនាង ឱក សុគន្ធកញ្ញា និង ស្វាមី បានរៀបចំពិធីខួបកំណើតឱ្យកូនប្រុសច្បងលក្ខណៈគ្រួសារយ៉ាងស្ងប់ស្ងាត់។

ក្នុងនោះដែរ បើទោះជាការរៀបចំពិធីខួបកំណើតរបស់កូនប្រុសច្បងស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្តែអ្នកនាង ឱក សុគន្ធកញ្ញា បានរៀបចំលក្ខណៈឯកជនយ៉ាងអភិជន ដោយមានតែក្រុមគ្រួសារ និង អញ្ជើញភ្ញៀវកិត្តិយសចូលរួមសុទ្ធសឹងតែជាអ្នកស្និទ្ធស្នាលប៉ុណ្ណោះ៕





