នៅយប់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យបានដឹងថា បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅវេលាម៉ោង ០៩:០០ នាទីយប់ កម្ពុជាបានធ្វើការកែសម្រួលយុទ្ធោបករណ៍ និង អាវុធធុនធ្ងន់របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី ១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនេះ។

ក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងន័យបង្ហាញពីកាយវិការសុច្ឆន្ទៈ និង ការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា និង ថៃ ដែលមាន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និង ឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី កម្ពុជា និង ថៃ បានឯកភាពគ្នាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និង អាវុធធុនធ្ងន់របស់ខ្លួនមួយផ្នែកនៃជំហានទី ១ សម្រាប់ជានិមិត្តរូប ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។


ក្នុងនោះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមាននេះ នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និង ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាក៏បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និង អនុវត្តឱ្យបានពេញលេញ និង ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ព្រមទាំងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃ ដើម្បីជាប្រយោជន៍ដល់ប្រទេស និង ប្រជាជនទាំងពីរជាច្រើនជំនាន់តទៅមុខទៀត៕

ប្រភព ៖ ក្រសួងការពារជាតិ