Jang Ik-sun ជាបុរសជនជាតិកូរ៉េខាងត្បូង វ័យ ៣៧ ឆ្នាំ កំពុងតែទទួលការសរសើរយ៉ាងខ្លាំងពីមហាជននៅជុំវិញពិភពលោក ដោយលោកជាមនុស្សពិការធ្វើអ្វីមិនបាន ប៉ុន្តែខំរៀនទាល់តែចប់ថ្នាក់អនុបណ្ឌិត ដោយការខំព្រិចភ្នែកដើម្បីសរសេរអក្ស។
តាមព័ត៌មានបានឱ្យដឹងថា Jang Ik-sun មានជំងឺសាច់ដុំតាំងពីអាយុ ៥ ឆ្នាំមកម្ល៉េះ យូរទៅរាងកាយក៏កម្រើក និង ធ្វើចលនាលែងបាន ពោលគឺបានត្រឹមតែនិយាយ និង ព្រិចភ្នែកប៉ុណ្ណោះ។ បើទោះជាក្លាយជាជនពិការក៏ដោយ តែ Jang Ik-sun បានចូលសិក្សានៅសកលវិទ្យាល័យនៅក្នុងឆ្នាំ ២០១៩ ដោយប្រើបច្ចេកវិទ្យា (eye-tracking mouse) ដែលឧបករណ៍សម្រាប់បំប្លែងចលនាភ្នែក ឱ្យអាចព្រិចភ្នែកដើម្បីសរសេរជាអក្សរបាន។
យ៉ាងណាមិញ លុះមកដល់ឆ្នាំ ២០២៥ នេះ Jang Ik-sun ក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិតក្នុងផ្នែកសុខុមាលភាពសង្គមពីសកលវិទ្យាល័យ Gwangju ដែលនេះចាត់ទុកថាជាការសម្រចជោគជ័យដ៏ធំបំផុតសម្រាប់លោក ដែលជាជនពិការមួយរូប។ ដោយឡែក ក្រៅពីនេះទៀត Jang Ik-sun ក៏បានប្រើ (eye-tracking mouse) ក្នុងការលេងហ្គេមផងដែរ ហើយមានមហាជនច្រើនណាស់ចាប់អារម្មណ៍តាមដានលោកនៅតាមបណ្តាញសង្គម៕
ប្រភព៖ Khaosod