កន្លងទៅនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង ផ្សព្វផ្សាយអប់រំ ធ្លាប់បានជូនដំណឹងឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នជារឿយៗ ចំពោះការទិញផលិតផលតាមអនឡាញគ្មានប្រភពច្បាស់លាស់។

តាមប្រភពបានឱ្យដឹងថា មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង ផ្សព្វផ្សាយអប់រំ បានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះដែលបានចាញ់ល្បិចឆបោកក្រុមឧក្រិដ្ឋជនជនខិលខូចតាមរយៈការទិញទំនិញនៅលើបណ្តាញសង្គម ក្រុមឧក្រិដ្ឋជនបានប្រើវិធីសាស្រ្តបោកប្រាសជនរងគ្រោះឱ្យទិញទំនិញដូចខាងក្រោម ៖
១. សម្ភារ ឬ ទំនិញលក់ជូនក្នុងតំលៃទាបជាងទីផ្សារ
២. មានសារសំឡេង និង ការសរសេររៀបរាប់ពេញចិត្តនឹងទំនិញ ( Feedback)
៣. មានទីតាំង និង អាសយដ្ឋានលក់ដូរច្បាស់លាស់
៤. មានរូបភាពវិក្ក័យបត្រភ្ជាប់នឹងរូបភាពសម្ភារទាំងនោះ

ក្រោយពីចរចាគ្នារួចជនរងគ្រោះបានយល់ព្រមទិញទំនិញ។ បន្ទាប់មកជនខិលខូចបានផ្ញើរូបភាពសម្ភារៈ ដែលមានការសរសេរឈ្មោះ លេខទូរសព្ទ អាសយដ្ឋានជនរងគ្រោះ និង ផ្ញើរូបភាពទំនិញទៅឱ្យជនរងគ្រោះដើម្បីមានការជឿជាក់។ ជនខិលខូចបានតម្រូវឱ្យជនរងគ្រោះធ្វើការផ្ទេរប្រាក់តាមរយៈ KHQR ឬ តាមប្រព័ន្ធធនាគារឯកជននានា ក្រោយពីទទួលប្រាក់នោះរួចហើយ ស្រាប់តែធ្វើការ block chat ជនរងគ្រោះ ព្រមទាំងលុបចោលរាល់ការសន្ទនាទាំងអស់។

ទាក់ទិនទៅនឹងរឿងនេះ មន្ត្រីជំនាញបានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការទិញទំនិញអនឡាញដូចខាងក្រោម៖
១. សូមត្រួតពិនិត្យគេហទំព័រលក់ទំនិញអនឡាញឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញ
២. កុំធ្វើការវេរប្រាក់ មុនពេលមិនទាន់ទទួលបានទំនិញ
៣. ករណីសង្ស័យ គួរសួររកបញ្ជាក់ទីតាំង និង ទៅទិញទំនិញផ្ទាល់
៤. សូមរាយការណ៍មកសមត្ថកិច្ចជំនាញដើម្បីជួយស្វែងរកដំណោះស្រាយ៕

