នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ តាមរយៈផេកហុងស៊ុយ របស់លោកគ្រូចិនសែ ម៉ុង បានចែករំលែកនូវចំណេះដឹងក្បួនហុងស៊ុយ ក៏ដូចជារបៀបសែនឆេងម៉េង សម្រាប់ឆ្នាំ ២០២៥ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ ដែលរួមមាន របៀបសម្អាតផ្នូរ របៀបសែនលោកតាម្ចាស់ទឹកដី របៀបសែនបើកផ្នូរកុងម៉ាថ្មី ឬ ទើបគ្រប់ ៣ ឆ្នាំ របៀបសែនផ្នូរកុងម៉ាធម្មតា របៀបសែនផ្នូរមនុស្សរស់ (ផ្នូរដែលមិនទាន់មានបញ្ចុះសពនៅឡើយ) របៀបប្រក់ផ្នូរ និង វិធីស្រូបថាមពល DNA ព្រមទាំងរបៀបដុតក្រដាសសែនជាដើម។
ជាក់ស្ដែង របៀបនីមួយៗនៃការសែនឆេងម៉េង សម្រាប់ឆ្នាំ ២០២៥ នេះ មានដូចតទៅ ៖
១. របៀបសម្អាតផ្នូរ
ជំហានទី១ ៖ ពេលទៅដល់ផ្នូរ ត្រូវបែងចែកកូនចៅឡើងបោចស្មៅពីលើផ្នូរចេញឱ្យស្អាត ព្រោះផ្នូរដែលល្អគឺមិនឱ្យមានស្មៅ កូនឈើ ដុះពីលើ ឬ ពីមុខនោះទេ។ ត្រូវចាក់ដីបន្ថែម ពីលើផ្នូរ ឱ្យធំប៉ុនទំហំកាលពីឆ្នាំទៅ តែកុំធំដល់ថ្នាក់ហួសហេតុ ទៅចាក់ចូលដីគេឬដីម៉ុងរបស់គេផ្សេងគឺមិនល្អទេ អាចមានបញ្ហាឈ្លោះគ្នា។
ជំហានទី ២ ៖ ចាក់ដីហើយ យើងយកទឹកចំនួន ៣ ផ្តិលបាចពីលើ
ជំហានទី ៣ ៖ បោសសំអាត លាបពណ៌ស្លាកម៉ុងឱ្យស្អាតឡើងវិញ
២. របៀបសែនលោកតាម្ចាស់ទឹកដី
ពេលទៅដល់ភ្លាម សម្អាតបោសដីមុខផ្នូរហើយអស់ ឱ្យគេយកដី ៥ បង្គី មកចាក់នៅចំហៀងខាងឆ្វេងដៃនៃផ្នូរ ដើម្បីសន្មត់ជាកន្លែងទេវតាម្ចាស់ដី។
គ្រឿងសំណែន ៖ ទឹកតែ ៣ កែវ + ស្រាស ៣ កែវ + ទៀនក្រហម ១ គូ , ធូបម្នាក់ ៣ សរសៃ + សាស៊ែ ( មាន់ស្ងោរ ១ ក្បាល + ពងទាស្ងោរ ២ គ្រាប់ + សាច់ជ្រូកបីជាន់ស្ងោរ ១ ចំនិត ) + មីអាយុវែង ១ ដុំ + ផ្លែឈើ បីមុខដាក់មួយចាន ( ប៉ោម សារី និង ក្រូចខ្វិច) + នំពងទា ១ នំ + ក្រដាសសែនមួយឈុត (អាចជាវពីលោកគ្រូបាន)
ជំហានទី ១ ៖ ពេលគ្រប់គ្នាអុជធូបហើយ ចាំយកក្រដាសពណ៌ចំរុះ ដែលលោកគ្រូរៀបចំជូនហើយនោះ មកប្រក់ពីលើដីដែលយើងចាក់ ២-៣ បង្គីនោះ ដូចយើងប្រក់ផ្នូរដូនតាអញ្ជឹងដែរ។
ជំហានទី ២ ៖ យកទង់នាគដែលមានក្នុងកេសក្រដាសសែន ( ឈុតពីខ្ញុំ ) ទៅដោតនៅខាងស្ដាំដៃនៃផ្នូរ (ខាងស្ដាំពេលអ្នកឈរបែរមុខចូលទៅផ្នូរ ) ជំហានទី ២ នេះ សម្រាប់អ្នកដែលជាវឈុតក្រដាសសែនពីខ្ញុំ (សម្រាប់បងប្អូនដែលមិនបានជាវក្រដាសសែនពីខ្ញុំ រំលងជំហាននេះចុះ)។
៣. របៀបសែនបើកផ្នូរកុងម៉ាថ្មី ឬទើបគ្រប់ ៣ ឆ្នាំ
គ្រឿងសំណែន ៖ ទឹកតែ ៣ កែវ , ស្រាស ៣ កែវ + ទៀនក្រហម ១ គូ , ធូបលឿង ម្នាក់ អុជ ៣ សរសៃ + នំថរគួយ ( នំគូឆាយពណ៌ក្រហម មានមូល មានរៀងចំនិតព្រះខែ ) ៨ នំ ស្នូលអ្វីក៏បាន + ពងទាលាបពណ៌ក្រហម ចំនួន ៨ ពងដាក់មួយចាន + នំអ៊ីក្រហមសុទ្ធ ៨ ចាន + ផ្លែឈើ ៣ មុខចាំបាច់ (ប៉ោម សារី ក្រូចខ្វិច) + សាស៊ែ ( មាន់ស្ងោរ ១ ក្បាល + ពងទាស្ងោរ ២ គ្រាប់ + សាច់ជ្រូកបីជាន់ស្ងោរ ១ ចំនិត) + បាយ ៦ ចាន បាយម្ហូបអាហារដែលអ្នកស្លាប់ចូលចិត្ត តែហាមរសជាតិ ជូរ ហិល ល្វីង ចត់ ជាដើម អាចដាក់ជ្រូកខ្វៃ ឬទាខ្វៃបន្ថែមតាមលទ្ធភាព + ក្រដាសសែន ១ ឈុត ក្រដាសពណ៌ប្រក់ផ្នូរ មានទង់នាគការពារផ្នូរ (អាចជាវពីលោកគ្រូបាន)។
+ របៀបអុជធូប ៖ មនុស្សដែលមានអាយុចាស់ជាងគេគឺត្រូវអុជធូបមុនគេ ហើយដេញចុះមករហូតដល់កូនក្មេងតូចៗ។
+ របៀបនិយាយ ៖ ណែនាំខ្លួនឯងជាមុន ហើយនិយាយអញ្ជើញកុងម៉ាមកហូបអាហារ ហើយរៀបរាប់ឈ្មោះមុខម្ហូបដែលដាក់សែនឱ្យបាន ៣ ទៅ ៤ មុខ ហើយចាំនិយាយបួងសួងជាបន្តបន្ទាប់…
៤. របៀបសែនផ្នូរកុងម៉ាធម្មតា
គ្រឿងសំណែន ៖ ទឹកតែ ៣ កែវ , ស្រាស ៣ កែវ + ទៀនក្រហម ១ គូ , ធូបលឿង ម្នាក់ អុជ ៣ សរសៃ + ផ្លែឈើ ៣ មុខចាំបាច់ (ប៉ោម សារី ក្រូចខ្វិច) អាចដាក់ផ្លែឈើដែលអ្នកស្លាប់ចូលចិត្តពិសាបន្ថែមបាន + សាស៊ែ ( មានមាន់ស្ងោរ ១ ក្បាល + ពងទាស្ងោរ ២ គ្រាប់ + សាច់ជ្រូកបីជាន់ស្ងោរ ១ ចំនិត) + បាយ ៦ ចាន ឬ ១០ ចាន ឬ ១២ ចាន , បាយម្ហូបអាហារដែលមនុស្សស្លាប់ចូលចិត្ត តែហាមរសជាតិ ជូរ ហិល ល្វីង ចត់ ជាដើម អាចដាក់ជ្រូកខ្វៃ ឬទាខ្វៃ ស្រាបៀរ ទឹកក្រូចផ្សេងៗ អាចបន្ថែមតាមលទ្ធភាព + នំ ថរគួយ ( នំគូឆាយពណ៌ក្រហម មានមូល មានរៀងចំនិតព្រះខែ ) ៨ នំ ស្នូលអ្វីក៏បាន + ផ្កាស្រស់ ៥ ពណ៌ ១ គូ សងខាងផ្លាកឈ្មោះ + ងាវស្រុស ១ ចាន ( ចាំបាច់សំខាន់ត្រូវមាន) + ក្រដាសសែន ១ ឈុត + តាមការប្រក់ផ្នូរ + ទង់នាគការពារផ្នូរ (អាចជាវពីលោកគ្រូបាន)។
+ របៀបអុជធូប ៖ មនុស្សដែលមានអាយុចាស់ជាងគេគឺត្រូវអុជធូបមុនគេ ហើយដេញចុះមករហូតដល់កូនក្មេងតូចៗ
+ របៀបនិយាយ ៖ ណែនាំខ្លួនឯងជាមុន ហើយនិយាយអញ្ជើញកុងម៉ាមកហូបអាហារ ហើយរៀបរាប់ឈ្មោះមុខម្ហូបដែលដាក់សែនឲ្យបាន ៣ ទៅ ៤ មុខ ហើយចាំនិយាយបួងសួងជាបន្តបន្ទាប់…
៥. របៀបសែនផ្នូរមនុស្សរស់ ផ្នូរដែលមិនទាន់មានបញ្ចុះសពនៅឡើយ …
គ្រឿងសំណែន ៖ ទឹកតែ ៣ កែវ + ទៀនក្រហម ១ គូ , ធូបលឿង អុជតែម្ចាស់ផ្នូរទេ ៣ សរសៃ + នំថរគួយ ( នំគូឆាយពណ៌ក្រហម មានមូល មានរៀងចំនិតព្រះខែ ) ៤ នំ ស្នូលអ្វីក៏បានដែរ + គ្រឿងបួស ពពុះសណ្ដែក ផ្សិតក្រៀម ជីឆាយ មីសួ មីអាយុវែង ១ ធំ + នំអ៊ី ក្រហម សុទ្ធ អត់ស្នូល ៣ ចាន + ផ្លែឈើ ៣ មុខចាំបាច់ (ប៉ោម សារី និង ក្រូចខ្វិច)
+ ក្រដាសសែន ១ ឈុត ក្រដាសពណ៌ក្រហមប្រក់ផ្នូរ (អាចជាវពីលោកគ្រូបាន)
+ ត្រូវសែនមុនផ្នូរកុងម៉ា មានន័យថា សែនទេវតាម្ចាស់ដីហើយ គឺសែនផ្នូរមនុស្សរស់បន្ទាប់ ហើយចាំសែនផ្នូរកុងម៉ា
៦. របៀបប្រក់ផ្នូរ និង វិធីស្រូបថាមពល DNA
១. ពេលដែលអុជធូបហើយគ្រប់ៗគ្នា អាចឱ្យកូនចៅយកក្រដាសប្រក់ផ្នូរ ម្នាក់បន្តិចៗ ទៅប្រក់ដោយឱ្យអ្នកទម្ងន់ស្រាលៗឡើងទៅខាងលើផ្នូរ មនុស្សចាស់ ឬ អ្នកគីឡូធ្ងន់ ប្រក់ពីខាងក្រោមទៅបានហើយ។
២. ពេលប្រក់ គឺជាពេលសាកថាមពល DNA ដូនតាហ្នឹងហើយ ប្រក់ផងបួងសួងផង
៣. ពេលប្រក់ហើយ លាងដៃឱ្យស្អាត ទៅអង្គុយពីមុខស្លាកឈ្មោះដូនតា ហើយបិទភ្នែកបួងសួង គិតពីអ្វីដែលយើងចង់បាន គិតរឿងល្អៗឱ្យបានច្រើន ដកដង្ហើមមួយៗ និយាយបួងសួងតែមួយរឿង ហើយចាំបើកភ្នែកឡើងវិញញញឹមដាក់ស្លាកឈ្មោះដូនតា ហើយយកដៃទៅអង្អែលឈ្មោះដូនតាថ្មមៗ សំពះ ៣ ដង ជាការស្រេច។
៤. ពេលកូនចៅប្រក់ផ្នូរហើយអស់ យកទឹកមកបាចពីលើផ្នូរឱ្យត្រជាក់ដល់ដូនតា កូនចៅ។
៧. របៀបដុតក្រដាសសែន
ពេលសែនហើយ បានពាក់កណ្ដាលធូប ឬអុជធូបហើយបាន ៣៦ នាទី យកក្រដាសសែនទេវតាម្ចាស់ដីមកដុតមុន ដុតហើយអស់ ចាំយកក្រដាសសែនផ្នូរកុងម៉ាមកដុត ហើយចាំយកទង់នាគដែលដោតលើផ្នូរនោះ មកដុត (ទង់នាគ គឺមានសម្រាប់តែបងប្អូនដែលជាវឈុតក្រដាសសែនពីលោកគ្រូតែប៉ុណ្ណោះ)។
៨. រឿងសំខាន់ចុងក្រោយ
ពេលមកដល់ផ្ទះ លាងសំអាតស្បែកជើង កុំឱ្យជាប់ដីពីកន្លែងផ្នូរមកចូលផ្ទះ លាងស្បែកជើងឱ្យស្អាតចាំយកចូលផ្ទះ៕