ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចែករំលែកចំណេះដឹងជូនទៅកាន់សាធារណជន អំពីការដាក់ពាក្យស្នើសុំបោះពុម្ពប្តូរថ្មី ករណីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលរបក ឬ ខូចខាត។

ជាក់ស្ដែង ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានបញ្ជាក់នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឱ្យបានដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលរបក ឬខូចខាត សាមីខ្លួនអាចយកមកដាក់ពាក្យស្នើសុំបោះពុម្ពប្តូរថ្មីបាន ដោយពុំតម្រូវឱ្យភ្ជាប់ឯកសារយោងបន្ថែមទេ។

ដោយឡែក ចំពោះទីកន្លែងនៃការស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើង រួមទាំងព្រះសង្ឃ បុព្វជិតសាសនា ជនជាប់ឃុំ ឬ ជនវិបល្លាសស្មារតី អាចធ្វើការស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាន នៅតាមទីតាំងណាមួយដូចខាងក្រោម ៖
១. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃលំនៅឋានរបស់សាមីខ្លួនកំពុងរស់នៅ
២. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ នៃលំនៅឋានរបស់សាមីខ្លួនកំពុងរស់នៅ
៣. ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅឋានរបស់សាមីខ្លួនកំពុងរស់នៅ
៤. នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
៥. ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ផ្សារទំនើបអ៊ីអនម៉លសែនសុខ (អ៊ីអន២)
៦. ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ផ្សារទំនើបអ៊ីអនម៉លមានជ័យ (អីអន៣)
៧. ទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) (សម្រាប់សមាជិក ប.ស.ស.)៕
