នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDC បានចេញសេចក្តីជូនព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ-១៩ សម្រាប់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នៅក្នុងប្រទេសកម្ពុជា។
តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា តួលេខអ្នកឆ្លងក្នុងថ្ងៃនេះ គឺមានករណីឆ្លងថ្មីចំនួន ៧ នាក់សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ករណីជាសះស្បើយថ្មី ០២ នាក់ និង ករណីស្លាប់ ០ នាក់។ គិតត្រឹមតួលេខថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៩ ៣៩៨ ករណី ជាសះស្បើយសរុប ១៣៦ ២៩៩ ករណី ស្លាប់សរុប ៣ ០៥៦ ករណី ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ២១ ២៤៦ ករណី និង ករណីឆ្លងក្នុងសហគមន៍សរុបចំនួន ១៧ ៥៦៨ ករណី។
យ៉ាងណាមិញ ទន្ទឹមនឹងទិន្នន័យមានអ្នកឆ្លង ៧ នាក់ក្នុងថ្ងៃនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមឱ្យបងប្អូនបង្ការសុខភាព បង្ការការឆ្លងមេរោគ កូវីដ-១៩ ដោយពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ហើយពេលបងប្អូនមានរោគសញ្ញាផ្តាសាយ ឬ មានរោគសញ្ញា គ្រុនក្តៅ ក្អក ឬឈឺក សូមទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព និង មន្ទីរពេទ្យដែលជិតបំផុត ព្រមទាំងនាំគ្នាចាក់វ៉ាក់សាំងដូសជំរុញនៅ មណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកឱ្យបានគ្រប់គ្នា៕