កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ តារាចម្រៀងរ៉េប វណ្ណដា ក៏បានចេញមុខបង្ហាញពីឆន្ទៈក្នុងនាមជាកូនខ្មែរ ដោយលោកបានបង្ហោះសារបួងសួងបារមីវត្ថុស័ក្តិសិទ្ធិ និង បុព្វបុរសដូនតាខ្មែរ ជួយឃុំគ្រង ការពារថែរក្សា ដល់បងប្អូនកងទ័ព អំឡុងពេលលោកកំពុងបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក។

ក្នុងនោះសារដំបូង ដែលលោក វណ្ណដា បានបង្ហោះគឺរៀបរាប់ថា ៖ «សូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ និង បុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ជួយឃុំគ្រង ការពារថែរក្សា ដល់បងប្អូនកងទ័ពជួរមុខប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា»។

ក្រោយមានការបង្ហោះសារខាងលើរបស់តារាចម្រៀងរ៉េបកម្ពុជាខាងលើហើយ ស្រាប់តែមានសារព័ត៌មានថៃចុះផ្សាយ និង មានការបញ្ចេញមតិពីអ្នកគាំទ្រថៃ ដោយប្រើពាក្យមិនសមរម្យផងដែរ។ លើសពីនោះ មានទាំងតារាចម្រៀងរ៉េបថៃបានចេញមកទាំងទទឹងទើសបបួល វណ្ណដា វាយគ្នាទៀតផង។

យ៉ាងណាមិញ វណ្ណដា ក៏មិនបានតបតអ្វីនោះឡើយទៅកាន់តារាចម្រៀងរ៉េបថៃ ដោយលោកបានបង្ហោះសារជាថ្មីម្តងទៀតនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងនាមជាកូនខ្មែរ ដែលនឹងឈរជាមួយប្រទេសជាតិជានិច្ច ទោះមានអ្វីកើតឡើង។

លោក វណ្ណដា បានរៀបរាប់ និង អមដោយ hashtag ទាំង ៥ ដើម្បីបង្ហាញទៅកាន់អន្តរជាតិថាភាគីថៃជាអ្នកឈ្លានពានមកទឹកដីកម្ពុជាមុនថា ៖ «មិនថាមានអ្វីកើតឡើង ខ្ញុំនឹងឈរជាមួយប្រទេសជាតិរបស់ខ្ញុំ និង ភាពត្រឹមត្រូវជានិច្ច។ ពួកយើងស្រឡាញ់ និង ចង់បានសន្ដិភាព ការលាបពណ៌របស់អ្នកនឹងធ្វើឱ្យប្រលាក់ដៃខ្លួនឯង។ #ThailandStartedTheWar #StandwithCambodia #WeWantPeaceNotWar #JusticeForCambodia»។

លើសពីនេះទៅទៀត មួយម៉ោងបន្ទាប់លោក វណ្ណដា ក៏បានបង្ហោះសារឆ្លើយតបទៅកាន់ប្រជាជនកម្ពុជាមួយចំនួនតូច ដោយមានការយល់ច្រឡំថាលោកមិនបានចេញមកតតាំងជាសំឡេងក្នុងនាមជាសិល្បករខ្មែរដ៏ល្បី ព្រមទាំងលើកឡើងថា ការផុសរបស់លោកបានបិទមិនឱ្យប្រទេសជិតខាងឃើញនោះទេ។
លោកបានរៀបរាប់ថា ៖ «សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំចង់បកស្រាយអំពីបញ្ហាមួយដែលកំពុងតែមានការវែកញែកច្រើនពីការបង្ហោះរបស់ page ខ្ញុំ។ មានបងប្អូនខ្លះគិតថាខ្ញុំកំពុងបង្ហោះឱ្យឃើញតែប្រទេសខ្មែរ ហើយមិនឱ្យប្រទេសផ្សេងឃើញ។ខ្ញុំសូមបញ្ជាក់ថា ការបង្ហោះទាំងអស់របស់ខ្ញុំគឺជាសាធារណៈ មិនមានការកំណត់ប្រទេសនោះទេ។ បងប្អូនឃើញសញ្ញាដែលមិនមែនជាសញ្ញាផែនដី (cogwheel icon) គឺជាលទ្ធផលពីការកំណត់ (setting) ពីមុនរបស់យើង នៅពេលត្រូវ MMO វាយប្រហារ មិនមែនដោយសារតែយើងចង់បិទបាំងមិនបង្ហាញដល់ប្រទេសណាមិនឱ្យឃើញឡើយ គឺពួកគេអាចមើលឃើញបានធម្មតា។ ខ្ញុំសុំទោសដែលធ្វើឱ្យមានការយល់ច្រលំដោយសារផ្នែកបច្ចេកទេសនេះ ហើយនាំឱ្យអ្នកទាំងអស់គ្នាមិនពេញចិត្ត។ ខ្ញុំឈរជាមួយភាពត្រឹមត្រូវ និងចូលរួមជាមួយបងប្អូនប្រជាជនកម្ពុជាយើង។ សូមអរគុណ»៕




