និយាយពីលោក អ៊ឹម ជីវ៉ា ត្រូវបានមហាជនខ្មែរស្គាល់ច្បាស់ថាជាសិល្បករម្នាក់ដែលតែងតែឈឺឆ្អាល និង ខ្វល់ខ្វាយខ្លាំងក្នុងសកម្មភាពសប្បុរសធម៌ ដោយកន្លងមកគេតែងតែឃើញលោកធ្វើការងារនេះជារឿយៗ និង បានជួយដល់អ្នកសិល្បៈខ្វះខាតក្នុងជីវភាពជាច្រើន ហើយតារាប្រុសរូបនេះក៏ថែមទាំងបានជួយជ្រោមជ្រែង និង បានផ្តល់ឱកាសឱ្យបុគ្គលល្បីក្នុងហ្វេសប៊ុក, Tik Tok មួយចំនួនមានការងារធ្វើក្នុងសិល្បៈផងដែរ។
លើសពីនេះ តាមរយៈសកម្មភាពសប្បុរសធម៌ និង ការជួយឈឺឆ្អាលនេះដែរ លោក អ៊ឹម ជីវ៉ា ដែលគេទទួលស្គាល់ថាជាអ្នកសិល្បៈរៀបច្បងម្នាក់នោះ ក៏តែងទទួលបានការកោតសរសើរពីមហាជននូវទឹកចិត្ត និង ការលះបង់របស់លោកជាច្រើនផងដែរ។
យ៉ាងណាមិញ ក្រៅពីរឿងសិល្បៈ និង ការងារសប្បុរសធម៌ផ្សេងៗ បើងាកចាប់អារម្មណ៍ទាក់ទងនឹងជីវិតឯកជនក្រៅឆាកវិញ គិតមកដល់ឆ្នាំ ២០២៥ នេះ លោក អ៊ឹម ជីវ៉ា មានវ័យខ្ទង់ ៤៤ ឆ្នាំហើយ ប៉ុន្តែលោកហាក់មិនគិតខ្វលខ្វាយក្នុងរឿងស្នេហាអ្វីនឹងគេឡើយ ខុសពីមិត្តសិល្បៈរួមជំនាន់ជាមួយលោកមួយចំនួន ដោយពេលនេះពួកគេមានស្នេហា និង បានសាងគ្រួសារ មានរហូតដល់កូនថែមទៀត។
ស្របពេលមិនឃើញគិតគូរឿងជីវិតសាងគ្រួសារនេះដែរ អាចនិយាយបានថា លោក អ៊ឹម ជីវ៉ា ទំនងជាចង់ប្រើជីវិត Single បន្តិចទៀត ព្រោះបច្ចុប្បន្នលោកក៏កំពុងតែមមាញឹកនឹងការងារប្រចាំថ្ងៃ និង មុខរបររកស៊ីរបស់លោកផងដែរ៕