នៅយប់ឈានចូលថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៥ នេះ តាមរយៈគណនីសិល្បករលោក Jimmy Kiss បានជូនដំណឹងមរណភាពលោកឪពុករបស់លោក នោះគឺ លោកតា វ័រ សារុន ដែលជាម្ចាស់សំឡេងដើមបទ «នារីម៉ាក់ស៊ី» ដែលបានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ ៧៧ ឆ្នាំ។
លោកតា វ័រ សារុន គឺជាកំពូលតារាចម្រៀងបែបចង្វាក់រ៉ុក Rock ដ៏ល្បីល្បាញ កាលពីទស្សវត្សឆ្នាំ ៦០-៧០ ហើយលោកក៏ត្រូវជាឪពុកបង្កើតរបស់លោក សារុន កល្យាន ហៅ Jimmy Kiss ម្ចាស់បទ baby I’m sorry ដ៏ល្បីល្បាញក្នុងអំឡុងឆ្នាំ ២០១៤ កន្លងទៅផងដែរ។
ក្នុងនោះបើតាមការឱ្យដឹងពីប្រភពព័ត៌មាន លោកតា វ័រ សារុន មានបទចម្រៀងជាច្រើន ពិសេសលោកជាម្ចាស់បទ «ស្រស់អ្វីស្រស់ម្ល៉េះ» «នារីសិចស៊ី» «បើជាគូ» «ញៀនបារី» «នារីម៉ាស៊ីថ្មី» និង បទចម្រៀងជាច្រើនទៀតដែលប្រជាជនខ្មែរនៅតែនិយមស្តាប់រហូតមកដល់បច្ចុប្បន្ន និង ជាពិសេសមិនដែលបាត់មុខពីរោងការ ឬ ពិធីរាំរែករបស់ប្រជាជនខ្មែរនោះឡើយ៕
ប្រភព ៖ Keo Sasstra