ក្រោយពីកម្ពុជា បានក្លាយទៅជាម្ចាស់ផ្ទះរយៈពេល ៩ ថ្ងៃ នៃកម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Global 2025 ដោយមានការរៀបចំកម្មវិធីផ្សេងៗទទួលស្វាគមន៍បេក្ខភាពបវរកញ្ញាមកពី ៦១ ប្រទេសជុំវិញពិភពលោកហើយនោះ វគ្គសំខាន់នានា ក៏បានបន្តទៅរៀបចំនៅឯប្រទេសថៃ ខណៈវគ្គផ្តាច់ព្រ័ត្របានបញ្ចប់ទៅយ៉ាងរលូនហើយកាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ។

ក្នុងនោះ បវរកញ្ញា ដែលបានតំណែង Miss Global 2025 បានទៅលើ នាង Nguyen Dinh Nhu Van មកពីប្រទេសវៀតណាម។

ងាកទៅកាន់បវរកញ្ញាតំណាងកម្ពុជា Miss Global Cambodia 2024 កញ្ញា ខុន ស្រីខួច ឯណោះវិញ បើទោះជាមិនអាចឈានជើងចូលទៅកាន់ Top ណាមួយក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រលាន់មាត់សរសើរថា នាងពិតជាធ្វើបានល្អណាស់។

ក្នុងនោះ ក្រោយបញ្ចប់ការប្រកួតភ្លាមៗ កញ្ញា ខុន ស្រីខួច ក៏បានបង្ហោះសាររៀបរាប់ ផ្ញើទៅកាន់អ្នកគាំទ្រ និង ប្រជាជនកម្ពុជា៖ «កម្ពុជា ជាទីស្រឡាញ់ ខ្ញុំបានខិតខំអស់ហើយ! លះបង់គ្រប់យ៉ាង ទាំងពេលវេលាផ្ទាល់ខ្លួន ទាំងថវិកា ទាំងមិត្តភាពដើម្បីអ្នក ពេលនេះខ្ញុំបានបំពេញតួនាទីជាអ្នក តំណាងមុខមាត់ប្រទេសរួចរាល់ហើយ។ សុំទោស សុំទោសខ្លាំងណាស់ ដែលមិនអាចពាំនាំយកលទ្ធផល ដែលល្អណាមួយជូនអ្នក តែខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំពិតជាស្រឡាញ់អ្នកណាស់ប្រជាជនរបស់ខ្ញុំ។ បើយកជីវិតទៅប្តូរដើម្បីលើកមុខមាត់ប្រទេសជាតិខ្ញុំ ខ្ញុំក៏ព្រម»៕





