ជាការពិតណាស់ កន្លងមកមហាជននិយមតាមដាននៃដំណើរការទម្លាក់ស្លាកប្រេងឥន្ធនៈរបស់ថៃ PTT ច្បាស់ជាបានជ្រាបហើយថា ក្រោយពីបានទម្លាក់ស្លាកក្រុមហ៊ុនប្រទេសថៃនោះ មានសាខាស្ថានីយ៍ប្រេងឥន្ទនៈខាងលើមួយចំនួន បានធ្វើការផ្លាស់ប្តូរយីហោទៅជាក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុក ដែលបានបង្កើតភ្លាមៗ មានឈ្មោះថា PEACE Petroleum Cambodia។

ក្នុងនោះ ក្រុមហ៊ុនប្រេងឥន្ធនៈ PEACE Petroleum Cambodia បាន និង កំពុងតែរៀបចំនាំចូលស្តុកប្រេងថ្មី ដែលមានប្រភពមកពីក្រុមហ៊ុនដ៏ធំមួយនៅសហរដ្ឋអាមេរិក។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និង ជាអ្នកទិញសិទ្ធិប្រេន ភីធីធី ធ្លាប់បានជម្រាបកាលពីអំឡុងខែសីហា ឆ្នាំ ២០២៥ កន្លងទៅ។

យ៉ាងណាមិញ បើទោះជាតាមបណ្តាស្ថានីយ៍ប្រេងឥន្ទនៈរបស់ថៃមួយចំនួន បានប្រែក្លាយទៅជាស្ថានីយ PEACE Petroleum Cambodia ហើយក្តី តែប្រ៊េននៃម៉ាត 7-Eleven នៅតែបន្តចរាចរនៅលើទីផ្សារ ដែលជាហេតុធ្វើឱ្យមានការមិនពេញចិត្តពីសំណាក់ប្រជាជនកម្ពុជានៅឡើយ។

យ៉ាងណាក៏ដោយ នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ក្រុមហ៊ុន PEACE Petroleum Cambodia បានចេញសេចក្តីប្រកាសថា ស្លាកយីហោ ម៉ាត 7-Eleven នឹងទម្លាក់ចុះក្នុងពេលឆាប់ៗ ដោយពេលនេះ ក្រុមហ៊ុនកំពុងដំណើការនីតិវិធីច្បាប់ ដើម្បីបញ្ចប់កិច្ចសន្យាជាមួយម៉ាត 7-Eleven នៅក្នុងស្ថានីយ។

តាមរយៈការជូនដំណឹងបានលម្អិតថា៖ «សេចក្តីជូនដំណឹង! ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើការនីតិវិធីច្បាប់ ដើម្បីបញ្ចប់កិច្ចសន្យាជាមួយម៉ាត 7-Eleven នៅក្នុងស្ថានីយ។ ជំហានបន្ទាប់ ក្រុមហ៊ុននឹងធ្វើការដកចេញនូវស្លាកសញ្ញា 7-Eleven នៅតាមបដាខ្ពស់ (highway sign) និង គ្របស្លាកសញ្ញានៅខាងមុខហាង។ ទន្ទឹមពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) កំពុងសិក្សាលើឱកាសសហការអាជីវកម្មជាមួយក្រុមហ៊ុនម៉ាតក្នុងស្រុក និង ក្រៅប្រទេសជាច្រើន ដើម្បីនាំមកនូវការផ្លាស់ប្តូរដាច់ខាត! ដើម្បីជាការរួមចំណែកពីអតិថិជនដល់ការផ្លាស់ប្តូរនេះ សូមអតិថិជន មេត្តាជួយគាំទ្រម្ចាស់ស្ថានីយ ភីស តាមរយៈការជ្រើសរើសទិញទំនិញនៅក្នុងម៉ាតបច្ចុប្បន្ន ក្នុងអំឡុងពេលអន្តរកាលនេះ ដើម្បីជួយសម្រាលដល់ការរៀបចំស្តុក ដែលនៅសល់របស់ម្ចាស់ស្ថានីយផ្ទាល់។ សូមអរគុណចំពោះការគាំទ្រនិងការយោគយល់ពីសំណាក់អតិថិជន! »៕

