បើនិយាយពីរូបសម្រស់ និង ការតុបតែងខ្លួន សុគា គីមលាង ឬ Kon Ant តែងទទួលបានការកោតសរសើរ មិនថាទាំងបែបបុរាណ និង សម័យ។ ហើយបើនិយាយពី Lifestyle ឬ របៀបរស់នៅវិញនោះ តាមការបង្ហោះលើបណ្តាញសង្គមកន្លងមក នាងក៏ជាអ្នកសិល្បៈ ដែលមានរសនិយមបែបប្រណីត ឬលំដាប់ខ្ពស់ផងដែរ។

ជាក់ស្តែង ដូចថ្មីថ្មោងនេះ Kon Ant បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ថតនៅក្នុងហាងនាឡិកាស្វីសដ៏ល្បីម៉ាក Patek Philippe ហើយ Check in នៅប្រទេសសិង្ហបុរី។ បើតាមរូបភាព នាឡិកានេះជាម៉ូឌែល Patek Philippe World Time Flyback Chronograph (5935A-001)។



ជានាឡិកាដៃប្រណីត ស្ទីលបែបស្ព័រលាយឡំ Vintage ចំពោះតម្លៃវិញ ម៉ូឌែលនេះក៏មិនធម្មតាដែរ។ បើតាមគេហទំព័ររបស់ម៉ាកនាឡិកា Patek Philippe នាឡិកាដៃដែល Kon Ant បានពាក់នៅក្នុងរូបភាពមានតម្លៃដល់ទៅ ៧៨ ៣៦៨ ដុល្លារ។ ហើយបើតាមការដាក់លក់នៅលើគេហទំព័រនាឡិកាដៃប្រណីត Analog Shift វាក៏មានតម្លៃខ្ពស់ ៧៧ ៥០០ ដុល្លារផងដែរ។

អមនឹងការបង្ហោះរូបភាពនេះ នាងបានភ្ជាប់ជាមួយសំណេរជាភាសាអង់គ្លេសថា «Don’t just wish for it . Work for it.» ឬ មានអត្ថន័យជាភាសាខ្មែរថា «កុំគ្រាន់តែប្រាថ្នាចង់បានវា ចូរធ្វើការដើម្បីវា»៕
