នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានជូនដំណឹងអំពីករណីចាប់ខ្លួនជនបរទេសម្នាក់ និង បានបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០ គីឡូក្រាម តាមផ្លូវអាកាស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច និង មន្ត្រីជំនាញ បានសហការគ្នាចាប់ខ្លួនបានជនសង្ស័យចំនួន ០១ នាក់ ភេទប្រុស សញ្ជាតិអង់គ្លេស អាយុ ៤១ ឆ្នាំ ចាប់យកវត្ថុតាងកញ្ឆាក្រៀមចំនួន ២២ ដុំ ស្មើទម្ងន់ ១៩ គីឡូ ៩០២ ក្រាម ដែលបច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងចាប់យកខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។ ក្នុងនោះ បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពួកឧក្រិដ្ឋជនធ្វើសកម្មភាពដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនមានការកើនឡើងគួរឱ្យគត់សម្គាល់ តាមការស៊ើបអង្កេតកញ្ឆាក្រៀមទាំងនេះ គឺមានប្រភពមកពីប្រទេសថៃ។
ក្នុងឱកាសនោះ មន្ទីរប្រឆាំងគ្រឿងញៀនបានរំឭកឱ្យដឹងថា ការជួញដូរ ការដឹកជញ្ជូន ការរក្សាទុក និង ដាំដុះកញ្ឆានៅកម្ពុជា គឺជាអំពើខុសច្បាប់ ដែលមានចែងនៅក្នុងច្បាប់ស្ដីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ ២០១២៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ