នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ឱ្យបានដឹងថា ព្យុះទី ២០ ឈ្មោះ ប៊ូឡូយ (Bualoi) T2520 ដើរស្របនឹងគន្លងព្យុះទី ១៨ ឈ្មោះ រ៉ាហ្គាសា (Ragasa)T2518។ ដោយឡែក ព្យុះទី ១៩ ឈ្មោះ នេហ្គោរី (Neoguri) T2519 បានបង្កើនឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេ មេគង្គ សមុទ្រចិនខាងត្បូង និង លើកម្ពុជា ខណៈគន្លងផ្លូវដើររបស់ព្យុះទាំង ៣ នេះ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ មានលក្ខណៈដូចតទៅ ៖
១. តំបន់វាលទំនាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសបូព៌ និង ទិសអាគ្នេយ៍មានល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ២៩°C។ ខ្យល់បក់មកពីទិសបូព៌ និង ទិសអាគ្នេយ៍ មានល្បឿនមធ្យម ៦ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៧០%។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសនិរតី និង ទិសអាគ្នេយ៍ មានល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្រប់ដណ្តប់លើផ្ទៃដី ៥០%។
– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ២,៥០ ម៉ែត្រ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖