មានរឿងរ៉ាវដ៏មិននឹកស្មានមួយ បានកើតឡើងនៅប្រទេសចិន ដែលមានបុរសម្នាក់ បានជះលុយជាង ១ ម៉ឺនដុល្លារ ធ្វើបំពង់បឺតពីមាស ដើម្បីទុកផឹកតែគុជ តែស្រាប់តែជ្រុះបាត់តាមផ្លូវ បង្កឱ្យភ័យស្លន់ស្លោ ព្រោះមាសកំពុងឡើងថ្លៃ។

តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើនេះ ចូលចិត្តផឹកតែគុជខ្លាំងណាស់ ហើយក៏បានចំណាយលុយ ១០០ ០០០ យ័ន ឬប្រមាណ ១ ៤០០០ ដុល្លារ ដើម្បីធ្វើទុយោមាសមួយ ទុកសម្រាប់ផឹកតែគុជជាពិសេស ប៉ុន្តែនៅថ្ងៃមួយ ខណៈបុរសនេះជិះម៉ូតូអគ្គិសនីទៅផ្ទះ ស្រាប់តែជំពប់គម្របលូតាមផ្លូវ ហើយទុយោមាសដែលដាក់ក្នុងហោប៉ៅខោក៏បានជ្រុះបាត់ដោយមិនដឹងខ្លួន។ នៅពេលដឹងថាបាត់ទុយោមាស បុរសនេះក៏បានព្យាយាមរកដោយខ្លួនឯងជាង ១ ម៉ោង តែនៅតែមិនឃើញ ទើបសម្រេចចិត្តប្តឹងប៉ូលិស ដែលធ្វើឱ្យប៉ូលិសក៏ភ្ញាក់ផ្អើលដូចគ្នា។

យ៉ាងណាមិញ ជាសំណាងល្អ ទុយោមាសក៏ត្រូវបានរកឃើញនៅចម្ងាយជាង ១០០ ម៉ែត្រពីគម្របលូ ដែលធ្វើឱ្យបុរសនេះមានការធូរទ្រូងជាខ្លាំង ប៉ុន្តែទុយោហាក់មានការខូចខាតតិចតួច ទើបបុរសនេះសម្រេចចិត្តថានឹងយកវាទៅធ្វើជាថ្មី ហើយនឹងលែងដាក់ក្នុងហោប៉ៅខោដូចមុនទៀតហើយ៕