ស្នេហាមិនចាំបាច់ទាល់តែប៉ះពាល់រាងកាយ ទើបគេហៅថាស្រលាញ់នោះទេ តួយ៉ាង ដូចជាក្មេង Gen Z សម័យឥលូវ បើចង់បានស្នេហ៍ពីពួកគេ រឿងងាយៗដែលគួរធ្វើគឺ កុំប៉ះពាល់រាងកាយ ឬ ស្និទ្ធស្នាលរាងកាយ ប្រើតែក្រសែភ្នែក ធានាថាអាចទាក់ចិត្តបានលឿនបំផុត។
យោងតាមគេហទំព័រ EZContacts ដែលស្រង់ទិនន្ន័យក្នុងខែ កញ្ញា ឆ្នាំ ២០២៥ គេបានស្ទង់មតិមនុស្សពេញវ័យ ប្រមាណ ១ ពាន់នាក់ រួមមានទាំងអ្នកនៅទំនេរ, អ្នកមានស្នេហា និង អ្នកខ្វះភាពរ៉ូមែនទិកក្នុងទំនាក់ទំនង។ ជាលទ្ធផល ការទំនាក់ទំនងដោយប្រើក្រសែភ្នែក គឺជាសញ្ញានៃទំនុកចិត្ត ឬ ការចែចង់ ហើយវាក៏ធ្វើឱ្យមនុស្សទាំងពីរនាក់មានអារម្មណ៍ស៊ីជម្រៅនឹងគ្នា។ គេរកឃើញថា ការប្រើក្រសែភ្នែកទំនាក់ទំនងគ្នា គឺលឿនជាងការសន្ទនា និង បង្កើតអារម្មណ៍ស្និទ្ធស្នាលនៅក្នុងការចាប់ផ្តើមជួបលើកដំបូង។
អ្នកស៊ើបអង្កេត បានរកឃើញថា ៦២% នៃស្ត្រី Gen Z ពេញចិត្តចំពោះការប្រើភ្នែកទល់ភ្នែកដើម្បីល្បួងស្នេហ៍ ជាជាងការប៉ះពាល់រាងកាយ ខណៈបុរស Gen Z ៥៥ % ក៏ពេញចិត្តចំពោះទំនាក់ទំនងស្នេហាបែបនេះ។
បច្ចុប្បន្ន ក្មេង Gen Z ដែលមានអាយុក្រោម ៣០ ឆ្នាំ លែងនិយមចំពោះការប្រើកម្មវិធីទូរស័ព្ទទាក់ទងគ្នា ឬ Dating Apps សូម្បីតែរូបភាពកែកុនច្រើន ខុសពីធាតុពិត ក៏ពួកគេលែងសូវចូលចិត្តដូចមុន។ ភាគច្រើន អ្វីដែលពួកគេចង់បាន គឺការជួបមុខផ្ទាល់ និង ការប្រើក្រសែភ្នែកមើលគ្នាទៅវិញទៅមក ដែលជាវិធីកសាងភាពជឿជាក់នៅក្នុងទំនាក់ទំនងស្នេហា។
ជាដំណឹងល្អមួយទៀត ក្មេង Gen Z ចូលចិត្តអ្នកពាក់វ៉ែនតា ដូចនេះសម្រាប់អ្នកកំពុងពាក់វ៉ែនតា អាចថាមានចំណុចទាក់ទាញ សម្រាប់ពួកគេរួចទៅហើយ។ តាមការស្ទង់មតិ ក្មេង Gen Z ៥៨% លើកឡើងថា អ្នកពាក់វ៉ែនតាមើលមកកាន់តែទាក់ទាញ។ ក្នុងនោះ បុរស ៦៩% និង ស្ត្រី ៤៦ % ថាអ្នកពាក់វ៉ែនតាមើលមកសិចស៊ី៕
