នាពេលថ្មីៗនេះ មានគណនីនៅលើបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានបង្ហោះវីដេអូលែងត្រីឆ្លាមប៉ារ៉ា ព្រមទាំងបានបញ្ជាក់ថា ប្រជានេសាទខេត្តកែប នេសាទបានត្រីបាណន់គីង្គក់ ឬ ឆ្លាមប៉ារ៉ា បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្រោយមានការបង្ហោះព្រោងព្រាត ពីករណីអ្នកនេសាទចាប់បាន និង លែងចូលសមុទ្រវិញនូវត្រីឆ្លាមប៉ារ៉ា (Whale Shark) នេះ មន្រ្តីជលផលខេត្ត ក៏បានបញ្ជាក់ឱ្យដឹងថា ករណីនេះ គឺមិនមែនកើតឡើងនៅខេត្តកែបនោះទេ គឺវាបានកើតឡើងនៅប្រទេសថៃ។
បើតាមប្រភពពីគេហទំព័រ ព័ត៌មានខេត្តកែប បានបន្តឱ្យដឹងថា ដ្បិតតែប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយ:ការប្រឹងប្រែងការពារដែនជម្រកជីវៈចម្រុះ ពីសំណាក់សមត្ថកិច្ចជំនាញរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេត្តកែប មានវត្តមានសត្វសមុទ្រកម្រៗជាច្រើនបានបង្ហាញខ្លួននៅដែនសមុទ្រខេត្តកែបក៏ពិតមែន តែប្រភេទត្រីឆ្លាមដ៏ធំសម្បើមបែបនេះ មិនដែលជួបប្រទះនោះឡើយ៕