ដូចពាក្យស្លោកថា «ចង្កឹះមួយដើមគេកាច់បាក់តែបើចង្កឹះមួយបាច់គេកាច់មិនបាក់ទេ» ពិតជាមិនខុសនោះឡើយ។ ជាក់ស្តែង ស្ថានភាពប្រទេសកម្ពុជានាពេលនេះ បានសបញ្ជាក់ពីការសាមគ្គីភាពគ្នាគ្រប់ទីកន្លែងរបស់ប្រជាជនកម្ពុជា មិនថាក្នុង និង ក្រៅប្រទេសនោះទេ ដែលជាការសម្រេចនៃភាពជោគជ័យ។

ជាការពិត ក្រឡេកទៅមើលបញ្ហាព្រំដែន នាពេលនេះបទឈប់បាញ់បានចូលជាធរមានក្តី ប៉ុន្តែសង្គ្រាមនៅតាមបណ្តាញសង្គម ពោលសង្គ្រាម Digital នៅតែបន្ត ដោយភាគីខាងថៃ បាន និង កំពុងបន្តការលាបពណ៌បំផ្លើសការពិតពីកម្ពុជាដដែល។ តែយ៉ាងណាក៏ដោយ ដោយកម្លាំងសាមគ្គីរបស់ខ្មែរ បាន និង កំពុងតតាំងនៅលើបណ្តាញសង្គមនានា ហាក់បង្ហាញការពិតយ៉ាងច្បាស់ពីកម្ពុជា និង បានលាតត្រដាងថាថៃបានលាបពណ៌មកកាន់កម្ពុជាយ៉ាងពិតប្រាកដ។

យ៉ាងណាមិញ ក្រោយឃើញការសាមគ្គីភាពគ្នារបស់ប្រជាជនកម្ពុជាគ្រប់ទីកន្លែង គ្រប់បណ្តាប្រទេសនោះ កញ្ញា ឡរ៉ា ម៉ម បានចេញមកបង្ហោះសំណេរបង្ហាញពីផ្នត់គំនិតរបស់ខ្លួន និង អំពាវនាវឱ្យខ្មែរធ្វើឱ្យប្រទេសដទៃ មើលឃើញយើងស្រលាញ់គ្នាឱ្យខ្លាំងជាងនេះ ឱ្យប្រទេសដទៃឃើញ ខ្មែរប្រឹងប្រែងធ្វើការរួមគ្នាឱ្យខ្លាំងជាងនេះ ដើម្បីយុត្តិធម៌ ដើម្បីវប្បធម៌ ដើម្បីសេចក្ដីពិត ឱ្យពួកគេឃើញថា សាមគ្គីភាពរបស់ ខ្មែរមិនងាយបំបែកបំបាក់បានឡើយ៕



