ថ្មីៗនេះ មានករណីឃាតកម្មមួយ ដែលកំពុងកក្រើកនៅប្រទេសថៃ ដោយមានស្រ្តីចំណាស់វ័យ ៨៩ ឆ្នាំម្នាក់ ជិះម៉ូតូឌុបទៅដកលុយនៅទូ មកវិញស្រាប់តែត្រូវម៉ូតូឌុបសម្លាប់យកលុយអស់ ៣០០ ដុល្លារ ខ្សែកមាស ៥ ជី និង ចិញ្ចៀន ព្រមទាំងបន្តោងព្រះ សរុបទាំងអស់ប្រហែលជាង ៧ ០០០ ដុល្លារ រួចយកសពទៅចោលនៅឯវាលស្រែ។

ហេតុការណ៍នេះបានកើតឡើងខេត្ត nakhon si Thammarat ដោយតាមរយៈកូនៗរបស់ស្រ្តីចំណាស់រូបនេះ បានរៀបរាប់ឱ្យដឹងថា ម្តាយរបស់ខ្លួនបានចេញពីផ្ទះនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ ដើម្បីទៅដកលុយនៅទូ ATM នៅផ្សារទំនើបមួយកន្លែង ដោយបានជិះម៉ូតូឌុបទៅ។ ចាប់តាំងពីថ្ងៃនោះមក ម្តាយក៏បានបាត់ខ្លួនឈឹងមិនឃើញមកផ្ទះវិញសោះ ទាក់ទងតាមទូរស័ព្ទក៏មិនបាន ទើបបានរូតរះដាក់ពាក្យបណ្តឹង និង តាមរកអ្នកបើកម៉ូតូឌុបដែលជូនម្តាយទៅនោះ។ ដោយឡែក តាមរយៈកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញថា ម៉ូតូឌុបបានឌុបស្រ្តីចំណាស់ចេញពីកន្លែងដកលុយរួចហើយ ក៏មិនបានជូនមកផ្ទះវិញឡើយ ពោលគឺបាត់ទៅតែម្តង។

យ៉ាងណាមិញ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ខាងអាជ្ញាធរបានរកឃើញសពរបស់ស្រ្តីចំណាស់ខាងលើនៅក្នុងបាវ ដែលត្រូវគេយកមកចោលនៅវាលស្រែមួយកន្លែង។ ចំណែកជនដៃដល់វិញ ក៏បានរត់គេចខ្លួន តែពេលនេះអាជ្ញាធរកំពុងតាមចាប់ដើម្បីយកមកដាក់ទោសទៅតាមផ្លូវច្បាប់៕


ប្រភព៖ Khaosod