សារព័ត៌មាន Ettoday បានរាយការណ៍ពីករណីដ៏គួរឱ្យហួសចិត្តមួយនៅប្រទេសចិន ដែលបុរសម្នាក់មានសំណាងត្រូវឆ្នោយបានជាង ១ លានដុល្លារ តែបែរជាយកលុយទៅនាំស្រីដើរលេងបាត់ពីផ្ទះ ចុងក្រោយប្រពន្ធសុំលែង ឯលុយក៏អស់ទៀត។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះជាអ្នករស់នៅទីក្រុង Dezhou ខេត្ត Shandong ហើយតែងផ្សងជោគសំណាងជាមួយឆ្នោតមកជាង ២០ ឆ្នាំ លុះមកដល់ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ បុរសនេះក៏មានសំណាងត្រូវឆ្នោត១០ លានយ័ន ដែលស្មើប្រមាណជាង ១.៤ លានដុល្លារ។ ក្រោយពីត្រូវឆ្នោតហើយបាន ៣ ថ្ងៃ បុរសនេះបានដកលុយអស់រលីងពីកុង ហើយយកតែកាតធនាគារទទេទៅឱ្យប្រពន្ធរួចកុហកថាមានលុយ។ បុរសនេះតែងកុហកប្រពន្ធថាទៅធ្វើការ តែតាមពិតបានលួចទៅនាំនារីជាសង្សារម្នាក់ ទៅដើរលេងនៅខេត្តអស់ ៤ ថ្ងៃ ដោយចាយលុយអស់ជាង ១ សែនដុល្លារឯណោះ។
នៅពេលស្រ្តីជាប្រពន្ធតាមទៅទាន់ បុរសរូបនេះមិនព្រមនិយាយឆ្លើយតបជាមួយប្រពន្ធឡើយ ទើបប្រពន្ធក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងលែងលះទៅកាន់តុលាការ ហើយសុំឱ្យតុលាការបិទកុងធនាគាររបស់ប្តី។ យ៉ាងណាមិញ មេធាវីបានបញ្ជាក់ថា លុយដែលត្រូវឆ្នោតក្នុងអំឡុងពេលរៀបការ គឺសម្បត្តិអាពាហ៍ពិពាហ៍ ប្រសិនបើភាគីណាមួយមានចេតនាលាក់បាំង ឬខ្ជះខ្ជាយ ភាគីម្ខាងទៀតមានសិទ្ធិស្នើសុំ ឬទាមទារយកមកវិញ។ ជាងនេះទៅទៀត ប្រសិនបើការក្លែងបន្លំ ឬបោកប្រាស់ជាប់ពាក់ព័ន្ធ វាក៏អាចចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌផងដែរ៕