មកទល់ពេលនេះស្ថានភាពប្រទេសជាតិនៅតែមានភាពតានតឹង បន្ទាប់ពីទទួលរងការឈ្លានពានមិនឈប់ឈរពីសំណាក់ចោរសៀមចិត្តសាមាន្យ ដែលចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជា។ ជាក់ស្តែង បន្ទាប់ពីចុះកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ីរួចមក កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ ទាហានថៃបានវាយប្រហារមកលើកម្ពុជាជាថ្មី បណ្តាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់ របួស ៣ នាក់ និង បានបាត់បង់ជីវិតម្នាក់ ដែលនេះជាភាពឈឺចាប់ថ្មីមួយទៀតលើរបួសចាស់សម្រាប់កម្ពុជា។

ខណៈពេលនេះដែរ ដោយក្តីឈឺចាប់នឹងទង្វើចោរឈ្លានពាន គេសង្កេតឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក មានមហាជនកម្ពុជាបានបន្តឆន្ទៈរួបរួមគ្នាជាកម្លាំងស្មារតីស្នេហាជាតិតាមរយៈសកម្មភាពផ្សេងៗ ជាពិសេសគឺការពហិកាមិនប្រើប្រាស់ផលិតផលថៃ ដែលនាំចូលពីប្រទេសថៃ ក៏ដូចជាឈប់គាំទ្រនូវផ្លាកយីហោផ្សេងៗ ឬ ឈ្មោះដែលពាក់ព័ន្ធនឹងប្រទេសថៃបន្តទៀត។

លើសពីនេះ ក្រៅពីធ្វើការពហិកាឈប់ប្រើប្រាស់ផលិតផលផ្សេងៗដែលជារបស់ថៃ ឃើញថាមហាជនអ្នកគាំទ្រវិស័យសិល្បៈកម្ពុជា ក៏មានការពហិកាមិនគាំទ្រនូវរាល់ទម្រង់សិល្បៈដែលទាក់ទងនឹងប្រទេសថៃទៀតដែរ។

ងាកទៅមើលតារាចម្រៀងប្រុស ឆន សុវណ្ណារាជ បានបង្ហោះប្រកាសសុំអភ័យទោសចំពោះអ្នកគាំទ្រ ដែលតែងគាំទ្រ និង សំណូមពរចម្រៀងរបស់លោកក្នុងពេលឡើងឆាកតន្រ្តីផ្សេងៗ ក៏លោកសុំធ្វើការពហិកាឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទ ដែលជាចម្រៀងយកតាមលំនាំថៃផងដែរ។


ក្នុងនោះ លោក ឆន សុវណ្ណារាជ បានបង្ហោះរៀបរាប់ថា ៖ «ខ្ញុំបាទ ឆន សុវណ្ណារាជ សូមអភ័យទោសទុកជាមុនទៅដល់ទស្សនិកជន និង អ្នកគាំទ្រនូវរាល់ការសំណូមពរបទចម្រៀងរបស់ខ្ញុំបាទ ដែលខ្ញុំមិនអាចច្រៀងបានដូចជាបទ (មួយខែដប់ថ្ងៃ, ជួបដើម្បីបែក, បងដឹង, រឿងនិទានមុនចូលគេង, មិនហ៊ានប្រាប់អូនផ្ទាល់មាត់, វេលាទឹកភ្នែក, សប្បាយចិត្តទេអូន) ដោយសារបទទាំងនេះ ជាបទដែលយើងយកតាមលំនាំថៃកាលពីប៉ុន្មានឆ្នាំមុន គឺខ្ញុំបាទសុំធ្វើការពហិកាមិនច្រៀងទៀតឡើយ សូមអរគុណទុកជាមុនសម្រាប់ការយោគយល់»៕


